Banner KNP Detail Top

ជុំវិញឃាតកម្មសម្លាប់តារាម៉ូដែលស្រីហុងកុង ដោយសារតែ

ជុំវិញឃាតកម្មសម្លាប់តារាម៉ូដែលស្រីហុងកុង ដោយសារតែបញ្ហាជម្លោះលុយកាក់ ប៉ូលិសចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងចំណោមគ្រួសារអតីតស្វាមី

(ហុងកុង)៖ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរហុងកុងបាននិយាយថា ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៤នាក់ជុំវិញឃាតកម្មសម្លាប់ដ៏សាហាវលើតារាម៉ូដែល អាយុ ២៨ឆ្នាំម្នាក់ បន្ទាប់ពីមានជម្លោះបញ្ហាលុយកាក់ជាមួយក្រុមគ្រួសារអតីតស្វាមីរបស់នាង។
ប៉ូលិស បានឲ្យដឹងថា បំណែកនៃសាកសពរបស់តារាម៉ូដែលហុងកុងដ៏ល្បីល្បាញ គឺអ្នកនាង អេបប៊ី ឈុយ (Abby Choi) ដែលកាលពីសប្តាហ៍មុនទើបនឹងបានបង្ហាញខ្លួននៅលើក្របទំព័រមុខនៃទស្សនាវដ្តី L’Officiel Monaco ត្រូវបានរកឃើញនៅក្នុងផ្ទះ នៅឯភូមិមួយដែលត្រូវបានបង្កើតឡើងជាទីសម្លាប់សត្វ។ ផ្ទះនោះបំពាក់ដោយម៉ាស៊ីនកិនសាច់អគ្គិសនី ហើយគេយកម៉ាស៊ីននោះទៅកិនសាច់មនុស្ស។
មេប៉ូលិស លោក អេឡាន ជុង (Alan Chung) បានគូសបញ្ជាក់ថា « យើងជឿថា ជនរងគ្រោះ និងក្រុមគ្រួសាររបស់អតីតស្វាមីរបស់នាង មានជម្លោះផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រាក់ដ៏ច្រើន។ មានគេមិនពេញចិត្តនឹងរបៀបដែលជនរងគ្រោះចាត់ចែងទ្រព្យសម្បត្តិ ទើបក្លាយជាចេតនាចង់សម្លាប់»។
ប៉ូលិស បានបន្ថែមថា អតីតស្វាមីរបស់អ្នកនាង ឈុយ ឈ្មោះ ខេវង (Kwong) អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសៅរ៍នេះ ខណៈកំពុងព្យាយាមរត់ចេញពីទីក្រុងហុងកុង តាមទូក។ រីឯ ឪពុក ម្តាយ និងបងប្រុសរបស់បុរសរូបនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរដោយចោទប្រកាន់ពីបទដូចគ្នានេះ។
គួរបញ្ជាក់ថា តារាម៉ូដែលស្រីរូបនេះ បានបាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ។ នាងត្រូវបានបងប្រុសអតីតស្វាមីដែលបម្រើការជាអ្នកបើកឡាន ឃើញលើកចុងក្រោយ។ យោងតាមកាសែត South China Morning Post គេជឿថា អ្នកទាំងពីរកំពុងធ្វើដំណើរទៅយកកូនស្រី។ ក្រោយមកត្រូវបានគេរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីនាងមិនឃើញនាងទៅទទួលកូន៕

អត្ថបទដែលជាប់ទាក់ទង