Banner KNP Detail Top

បង្ក្រាបគ្រឿងចក្រ ចំនួន៣គ្រឿង កំពុងធ្វើសកម្មភាព

បង្ក្រាបគ្រឿងចក្រ ចំនួន៣គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយរុករានដីព្រៃគ្មានច្បាប់អនុញ្ញាត នៅស្រុកសំបូរ

(ក្រចេះ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រគល់គ្រឿងចក្រចំនួន៣គ្រឿង ទៅស្នាក់ការដែនជំរកសត្វព្រៃឡង់ ក្រោយពីធ្វើការបង្ក្រាបករណីឈូសឆាយរុករានដីព្រៃ គ្មានច្បាប់អនុញ្ញាត នៅចំណុចអូរកក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក សន សុផាត អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន បានចុះបង្ក្រាបករណីឈូសឆាយរុករានដីព្រៃគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែដោយសារទីតាំងបង្ក្រាបនៅក្នុងព្រៃជៅ ហើយឆ្ងាយមានការលំបាកក្នុងដឹកជញ្ជូន ដោយប្រើរយៈពេលជាច្រើនថ្ងៃ ទើបនាំគ្រឿងចក្រទាំង៣គ្រឿងនោះ ដល់ស្នាក់ការដែនជំរកសត្វព្រៃឡង់។
តាមរបាយការណ៍បញ្ជាក់ទៀតថា គ្រឿងចក្រដែលបង្ក្រាបបាន រួមមាន ប្រភេទអេស្កាវ៉ាទ័រ ចំនួន២គ្រឿង ពណ៌បៃតងខ្ចី ម៉ាកកូបែលកូ (KOBELCO ) ចង្កូតឆ្វេងកង់ច្រវាក់ដែក និងអាប៊ុល ចំនួន១គ្រឿង ពណ៌លឿង ម៉ាកកូម៉ាត់ស៊ុយ (KOMATSU) កង់ច្រវាក់ដែក។ បច្ចុប្បន្នគ្រឿងចក្រទាំង៣គ្រឿង ត្រូវបានប្រគល់ជូនលោក សាំង សាខន នាយកដែនជំរកសត្វព្រៃឡង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង