ខានស្អែកនេះ! លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹង
ខានស្អែកនេះ! លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីនគរបាលម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅជាលើកទី២ ឱ្យចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន២.៦៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរថ្លៃរត់ការចូលក្របខណ្ឌនគរបាលជាតិ ។
មន្ត្រីនគរបាលរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ១៩៨២ មានថានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមដីកាកោះជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅ ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទឆបោក ។
តាមព័ត៌មានអោយដឹងទៀតថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនមានសិទ្ធិសម្រេចរើសក្របខណ្ឌនគរបាលជាតិហើយ បានលួងលោម និងបញ្ចុះបញ្ចូលបុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក្តិ២ថែមទៀត។
តាមព័ត៌មានអោយទៀតថា លោកឧត្តមសេនីយ៍ត្រីកែវ រ័ត្នមុនី រូបនោះ បានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទ្ធិជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។នៅក្នុងនោះតម្រូវអោយប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្របខណ្ឌនគរបាលជាតិនោះ។
បន្ទាប់ពីទទួលបានប្រាក់ហើយ លោកឧត្តមសេនីយ៍ត្រីរូបនោះ រត់ការមិនបានសម្រេច ហើយចេះតែគេចវេសនិយាយដោះសាររហូតមក មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍រូបនោះបានទារប្រាក់បន្ថែម ចំនួន៥ពាន់ដុល្លារទៀត ដើម្បីកែអាយុតែសាមីខ្លួនមិនព្រម ។
បន្ទាប់ពីរត់ការមិនបានសម្រេច លោកឧត្តមសេនីយ៍រូបនោះ បានគេចវេសនិងបិទទូរស័ព្ទ។ លុះក្រោយមកទើបដឹងថា ឧត្តមសេនីយ៍រូបនោះឆបោក ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្តឹង ចូលតាមផេកហ្វេសបុករបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអោយលុបឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន២.៦៥០០ដុល្លារត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន២០០លានរៀល ព្រមទាំងប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលខ្លួនបំភ្លឺលើកទី១ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣ និងលើកទី២ អោយចូលខ្លួនបំភ្លឺនៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ៕