ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់! ដកលោក ហាន សាខន ពីប្រធានដែនជម្រកសត្វព្រៃកែវសីមា ក្រោយ
ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់! ដកលោក ហាន សាខន ពីប្រធានដែនជម្រកសត្វព្រៃកែវសីមា ក្រោយក្រសួងបរិស្ថានរកឃើញកំហុស
ខេត្តមណ្ឌលគិរី៖ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់លោក ហាន សាខន ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមា ត្រូវបានក្រសួងបរិស្ថាន ស្នើផ្លាស់ប្ដូរតួនាទី និងផ្ទេរភារកិច្ច។ នេះបើយោងតាម លិខិតរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី០២.០២.២០២៣ ដែលជម្រាបមកលោកអភិបាលខេត្តមណ្ឌលគិរី។
ក្នុងលិខិតនោះក្រសួង បានស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី បញ្ចប់មុខតំណែងលោក ហាន សាខន ពីប្រធានការិយាល័យ ដែនជម្រក សត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មកជាមន្ត្រី និងតម្រូវឱ្យលោក ហាន សាខន បង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការ ដោយមិនតម្រូវឱ្យមានភារកិច្ច និងត្រូវគោរពអនុវត្តច្បាប់បទបញ្ជា ការណែនាំរបស់មន្ទីរបរិស្ថានខេត្ត និងស្ថិតក្រោម ការតាមដាន ការអនុវត្តទោសព្យួរ ពីស្ថាប័នតុលាការ មានសមត្ថកិច្ច។
ការស្នើឱ្យបញ្ចប់មុខតំណែង លោក ហាន សាខន ពីប្រធានការិយាល័យ ដែនជម្រក សត្វព្រៃកែវសីមា នៅពេលនេះ ក្រោយផ្ទុះរឿងអាស្រូវ ជាបន្តបន្ទាប់ថា កន្លងមកលោក ហាន សាខន ធ្លាប់ចាប់ពលរដ្ឋអ្នកធ្វើចម្ការ បណ្ដែតបណ្ដោយ ឱ្យកើតមានបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក ក្នុង ”តំបន់អូរហ៊ុច” ព្រំប្រទល់រវាងស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
ជាងនេះទៅទៀតលោក ហាន សាខន មានតួនាទី ជាអ្នកអភិរក្សការពារដីព្រៃ រួមនិងព្រៃឈើ តែបែរជារងការចោទប្រកាន់ថា រូបលោក បានសាងសង់ផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួននៅលើដីអភិរក្ស ដែលខ្លួនគ្រប់គ្រងទៀតផង៕