ប៉ូលីសបានរកឃើញក្បាល នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយ ដែល
ប៉ូលីសបានរកឃើញក្បាល នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយ ដែលផ្ទុកក្បាលនិងសាច់មនុស្
ស
(ហុងកុង)៖ នៅក្នុងសន្និសីទកាសែតខ្លីមួយកាលពីយប់ថ្ងៃអាទិត្យ ប៉ូលីសស៊ើបអង្កេតបានបញ្ជាក់អះអាងថាពួកគេបានរកឃើញក្បាលមនុស្សមួយនិងឆ្អឹងជំនីនៅក្នុងឆ្នាំងធំពីរដែលពួកគេបានរឹបអូសយកកាលពីថ្ងៃសុក្រនៅក្នុងផ្ទះមួយនៅសង្កាត់តៃប៉ូ(Tai Po)របស់ហុងកុង កន្លែងដែលរាងកាយរបស់ជនរងគ្រោះត្រូវបានកាត់ជាកង់ៗ។
ប៉ូលីសបានរកឃើញក្បាលរបស់តារាបង្ហាញម៉ូតហុងកុងនាងអាប់ប៊ី ឆយ( Abby Choi)នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយ ដែលផ្ទុកក្បាលនិងសាច់មនុស្ស នៅពេលប៉ុន្មានថ្ងៃក្រោយឃាតកម្មដ៏ខ្ពើមរអើមលើរូបនាងត្រូវបានគេដឹង។ ក្នុងពេលជាមួយគ្នា ជនសង្ស័យម្នាក់ទៀត គឺដៃគូស្នេហ៍របស់អតីតឪពុកក្មេកនាងឆយ ត្រូវបានចាប់ខ្លួន នាំអោយចំនួនជនសង្ស័យត្រូវបានចាប់ខ្លួនជុំវិញឃាតកម្មនេះឡើងដល់ចំនួនប្រាំនាក់។
សូមបញ្ជាក់ថា សាកសពអត់ក្បាលរបស់តារាបង្ហាញម៉ូតនិងអ្នកចូលចិត្តចេញមុចមាត់ក្នុងសង្គមហុងកុងនាងអាប់ប៊ី ឆយត្រូវបានរកឃើញក្នុងផ្ទះក្នុងភូមិជនបទមួយក្នុងសង្កាត់តៃប៉ូកាលពីសប្តាហ៍មុន។
ប៉ូលីសបាននិយាយថា ក្បាលនិងឆ្អឹងជំនីនេះត្រូវគេជឿថាជារបស់នាងឆយ តែគេត្រូវការពិនិត្យDNAដើម្បីបញ្ជាក់។
ឆ្នាំងធំពីរមានស៊ុបស្ទើរពេញឆ្នាំងហើយក្រៅពីក្បាលមនុស្សមានសាច់ដែលគេជឿថាជាសាច់មនុស្ស។ក្នុងស៊ុបក៏មានបន្លែការ៉ុតនិងថៃថាវ។ឆ្នាំងទាំងពីរត្រូវបានបញ្ជូនទៅកាន់កន្លែងតម្កល់សពកាលពីថ្ងៃសៅរ៍និងនៅថ្ងៃអាទិត្យ អ្នកជំនាញពិនិត្យសាកសពបានធ្វើការពិនិត្យសាច់ក្នុងឆ្នាំងទាំងនោះ ហើយមើលទៅក្បាលទំនងជារងការវាយប្រហារ។
ប៉ូលីសបន្តស្វែងរកផ្នែកផ្សេងទៀតនៃសាកសពដែលនៅបាត់នៅឡើយ រួមមានដៃនិងដងខ្លួន ក្រោយការរកឃើញជើងក្នុងទូរទឹកកកកាលពីថ្ងៃសុក្រ។កាំបិតកាត់សាច់ រណារអារអគ្គិសនី ញញួរ និងរបាំងការពារមុខព្រមទាំងអាវភ្លៀងពណ៌ខ្មៅក៏ត្រូវបានរកឃើញនៅផ្ទះកើតហេតុក្នុងសង្កាត់តៃប៉ូ។
អតីតប្តីរបស់នាងឆយ ឈ្មោះអាឡិច ក្វុង(Alex Kwong)អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ តែនៅមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយ។ជននេះត្រូវបានចាប់ខ្លួនក្នុងពេលព្យាយាមគេចខ្លួនជាមួយនឹងលុយ៤,៥លានដុល្លារហុងកុងនិងណាឡិកាប្រណិតជាច្រើន។
ឪពុករបស់គាត់និងបងប្រុសក៏ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទឃាតកម្ម។ចំណែកម្តាយរបស់គាត់អាយុ៦៣ឆ្នាំក៏ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរារាំងការអនុវត្តច្បាប់។ពួកគេត្រូវឡើងតុលាការនៅថ្ងៃចន្ទទី២៧កុម្ភៈនេះ។
ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ជាស្ត្រីវ័យ៤៧ឆ្នាំឈ្មោះង៉។ស្ត្រីនេះជាដៃគូស្នេហ៍របស់អតីតឪពុក្មេករបស់នាងឆយ។
សូមបញ្ជាក់ថា អ្នកមុជទឹកនិងប៉ូលីសប្រមាណ១០០នាក់បាននាំគ្នារុករកនៅកន្លែងបញ្ចុះសពមួយកន្លែងដែលអតីតឪពុកក្មេកនិងបងថ្លៃនាងមានវត្តមាននៅទីនោះកាលពីថ្ងៃពុធ។ពួកគេដ៏បានប្រើដ្រូននិងឆ្កែក្នុងប្រតិបត្តិការស្វែងរកបំណែកសាកសព៕