Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ

 

ភ្នំពេញ ៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេ នៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និង បានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន។ នេះជាប្រសាសន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ នៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង ។ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេ នៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និង បានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា, យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន។ ក្នុងន័យនេះ, ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។
លោកបណ្ឌិតថ្លែងថា, ជាទស្សនៈផ្ទាល់ខ្លួន ដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ, វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។ តាមរយៈទស្សនៈនេះ, ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ និងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកំណត់អំពីប្រភេទវិស័យអាទិភាព និង រៀបចំការលើកទឹកចិត្ត និងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពទាក់ទាញ និងសមស្របសម្រាប់ការវិនិយោគ និងធុរកិច្ច ប្រកបដោយផលិតភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និង អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង