Banner KNP Detail Top

ទីក្រុងហុងកុង សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស ចាប់ពីថ្ងៃទី១ ខែមីនា

ទីក្រុងហុងកុង សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស ចាប់ពីថ្ងៃទី១ ខែមីនា

(ហុងកុង)៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ចន លី (John Lee) អភិបាលទីក្រុងហុងកុងនៃប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា ហុងកុងនឹងលុបចោលកាតព្វកិច្ចពាក់ម៉ាស នៅដើមខែក្រោយនេះ ដែលវាត្រូវបានមើលឃើញថា ជាការព្យាយាមទាក់ទាញត្រឡប់មកវិញ នូវអ្នកដំណើរនិងអាជីវកម្ម ហើយស្តារជីវិតរស់នៅធម្មតាឱ្យដូចដើម គិតចាប់តាំងតែពីគោលការណ៍រឹតត្បិតឹងរ៉ឹង ត្រូវបានដាក់ចេញជាលើកដំបូងនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ កាលពីជាង៣ឆ្នាំមុន ដើម្បីប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
លោក លី បាននិយាយថា ការលុបចោលកាតព្ចកិច្ចពាក់ម៉ាស នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្តាហ៍នេះ។ លោកអភិបាលក្រុងហុងកុង បានលើកឡើងយ៉ាងដូច្នេះថា «យើងគិតថានេះគឺជាពេលវេលាដ៏សមរម្យបំផុត ដើម្បីធ្វើការសម្រេចចិត្តបែបនេះ។ វាគឺជាសារបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហុងកុងកំពុងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ»។ បើតាមលោក លី នៅកន្លែងប្រឈមហានិភ័យខ្ពស់ ដូចជាមន្ទីរពេទ្យជាដើម គឺអ្នកគ្រប់គ្រងអាចសម្រេចដោយខ្លួនឯងថា គួរឬមិនគួរតម្រូវឱ្យមានការពាក់ម៉ាស សម្រាប់បុគ្គលិកនិងអ្នកដែលចូលទៅកាន់កន្លែងទាំងនោះ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងនិងទីក្រុងម៉ាកាវ សុទ្ធតែបានអនុវត្តគោលនយោបាយសូន្យកូវីដ ដូចទៅនឹងប្រទេសចិនដែរ សម្រាប់រយៈពេល៣ឆ្នាំកន្លងមកនេះ។ ហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការតឹងរ៉ឹងរបស់ខ្លួនបណ្តើរៗ កាលពីឆ្នាំមុន ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស ត្រូវបានអនុវត្តជាប់ចាប់ពីឆ្នាំ២០២០ រហូតមក។ រីឯទីក្រុងម៉ាកាវបានប្រកាសកាលពីថ្ងៃទី២៦ ខែកុម្ភៈ ថាខ្លួននឹងលុបចោលវិធានការពាក់ម៉ាសពាក់ព័ន្ធកូវីដ១៩ សម្រាប់នៅតាមទីកន្លែងភាគច្រើន លើកលែងតែតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ និងទីតាំងមួយចំនួនតូចផ្សេងទៀត។ ចំណែកនៅចិនដីគោកឯណោះវិញ ប្រជាជនគឺមិនតម្រូវឱ្យពាក់ម៉ាស ពេលចេញដើរហើរនៅខាងក្រៅឡើយ ប៉ុន្តែអាជ្ញាធរលើកទឹកចិត្តឱ្យពួកគេធ្វើយ៉ាងដូច្នោះ នៅតាមកន្លែងទីសាធារណៈដែលបិទជិត ដូចជាព្រលានយន្តហោះ និងស្ថានីយរថភ្លើងជាដើម៕

អត្ថបទដែលជាប់ទាក់ទង