សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ
សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ
(កំពង់ឆ្នាំង)៖ មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៥៖២១នាទី សត្វក្ងោកត្រូវបានដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយ នៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៥៖៣៣នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សួនសត្វភ្នំតាម៉ៅ អាជ្ញាធរ និងបានប្រគល់ក្ងោកចំនួន២០ក្បាល ជូនម្ចាស់ក្ងោកនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ ម្ចាស់ក្ងោក និងក្រុមគ្រួសារមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដែលបានជួយដល់ពួកគាត់។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។
ភ្លាមៗបន្ទាប់ពីទទួលបានបទបញ្ជានេះ មន្ត្រីរដ្ឋបាលព្រៃឈើចាប់សត្វក្ងោកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដាក់ចូលក្នុងទ្រុងដឹកតាមរថយន្ត ធ្វើដំណើរឆ្ពោះទៅកាន់គេហដ្ឋានម្ចាស់ក្ងោក នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់ជូនពួកគាត់វិញ។
តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែលមានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋ មានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សត្វដែលជិតផុតពូជ គួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹម ក្នុងក្រុមគ្រួសារ ទើបជារឿងល្អ។ ជាក់ស្ដែងដូចករណីសត្វក្ងោកនេះជាដើម ហើយសូម្បីតែសម្ដេចក៏ចិញ្ចឹមដូចគ្នា៕