សម្រេចចេញដីកាឃុំខ្លួនមេការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
សម្រេចចេញដីកាឃុំខ្លួនមេការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឲ្យសមត្ថកិច្ចតាមចាប់ខ្លួនខ្មែរម្នាក់ទៀត ពាក់ព័ន្ធករណីចាយសែកស្អុយជាង៥លានដុល្លារ
សម្រេចចេញដីកាឃុំខ្លួនមេការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សម្រេចចេញដីកាឃុំខ្លួនមេការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឲ្យសមត្ថកិច្ចតាមចាប់ខ្លួនខ្មែរម្នាក់ទៀត ពាក់ព័ន្ធករណីចាយសែកស្អុយជាង៥លានដុល្លារ។
ជនសង្ស័យខាងលើនេះមានឈ្មោះ WU QUANG JIE ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនហុងកុង ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាមេការក្រុមហ៊ុនសាងសង់ហ្សុងលាន អ៊ិនធើណេសិនណល វេសមិន។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ដើមចមពីការចាប់ខ្លួនជនសង្ស័យនេះ គឺតាមយោងតាមពាក្យបណ្ដឹងរបស់ម្ចាស់បំណុលដែលបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បុរសខ្មែរម្នាក់ និងឈ្មោះ WU QUA NG JIE ជនជាតិចិន ជាមេការ និងតំណាងឲ្យក្រុមហ៊ុន ហ្សុងលាន អ៊ិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥ ៥០០ ០០០ ដុល្លារអាមេរិក ដោយជនជាតិខ្មែរម្នាក់នោះ បានធ្វើលិខិតធានាអះអាងថា នឹងសងវិញតាមរយៈមូលប្បទានបត្រចំនួន៥សន្លឹក គឺមូលប្បទានប័ត្រចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់។
លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រ ដែលមានទឹកប្រាក់ប្រមាណ ៣លាន៥សែនដុល្លារអាមេរិកទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយ តបមកវិញថា មូលប្បទានបត្រចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ របស់ឈ្មោះ WU QUANG JIE និងខ្មែរម្នាក់នោះ ជាមូលប្បទានបត្រគ្មានសាច់ប្រាក់ ពោលគឺសែកស្អុយ ។ បន្ទាប់ពីដឹងថា មេការជនជាតិ និងខ្មែរម្នាក់ រួមគ្នាមានគំនិតទុច្ចរិតឆបោ.កទៅលើទឹកប្រាក់ជាង៥លានដុល្លារនោះ ទើបម្ចាស់បំណុលស្វះស្វែងរកការជួបចរចាជាមួយ (ខ្មែរ) សុំលាក់ឈ្មោះ និងឈ្មោះ WU QUANG JIE ដើម្បីពិភាក្សាដោះស្រាយបំណុល ហើយពួកគេក៏បានសុំពន្យាសង ប៉ុន្តែទីបំផុត គឺសងខ្យល់ទៅវិញ ៕