Banner KNP Detail Top

តើអាជ្ញាធរមានសមត្ថកិច្ច ហ៊ានអនុវត្តវិធានការច្បាប់ ចំពោះម្ចាស់ទីតាំងសំណង់ការដ្ឋានបំពានច្បាប់ របស់លោក ហ៊ាង ឆៃលី ទេ?

តើអាជ្ញាធរមានសមត្ថកិច្ច ហ៊ានអនុវត្តវិធានការច្បាប់ ចំពោះម្ចាស់ទីតាំងសំណង់ការដ្ឋានបំពានច្បាប់ របស់លោក ហ៊ាង ឆៃលី ទេ?

ខេត្តមណ្ឌលគិរី ៖ តើអាជ្ញាធរមានសមត្ថកិច្ច ហ៊ានអនុវត្តវិធានការច្បាប់ ចំពោះម្ចាស់ទីតាំងសំណង់ការដ្ឋានបំពានច្បាប់ របស់លោក ហ៊ាង ឆៃលី ទេ?
នៅទីបំផុត លិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលកំណត់ឲ្យម្ចាស់អាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចរុះរើការដ្ឋាន ត្រឹមថ្ងៃទី២៨ កុម្ភៈ ២០២៣ ជាកំហិត ត្រូវបានលោកហ៊ាង ឆៃលី ដែលជាម្ចាស់ទីតាំងទុកមិនស្មើ នឹងគ្មានតម្លៃអ្វីបន្តិចសោះសម្រាប់ខ្លួនអនុវត្ត ឬយកជាការបាន មករំខានការដ្ឋានខុសច្បាប់របស់ខ្លួន !
សូមបញ្ជាក់ថា, ដោយគិតត្រឹមថ្ងៃទី០១ មីនា ២០២៣ គ្មានសកម្មភាព ឬរូបភាពណាមួយដែលម្ចាស់អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរឡើយ គឃ្លើន ផ្គើន អាជ្ញាធរ សមត្ថកិច្ច ដែលជាមេរៀនដ៏អាក្រក់ ដែលសង្គមស្អប់ខ្ពើម។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ មីនា ២០២៣ ម្សិលមិញនេះ អាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយលោកសាន់ ដារិទ្ឋ អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីលោកឈាវ ងីឈាន់ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំង ការដ្ឋានសំណង់បេតុងលាយស្រេច ព្រោះដល់ពេលវេលាក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និយាយរួមត្រូវតែផ្អាក ឬបិទជាស្ថាពរ លើកលែងមានហេតុផលសមស្រប ។ ប៉ុន្តែជាការហួសចិត្តសំណង់ដ៏ធំមហិមាកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នោះ មិនបានអនុវត្តតាមបញ្ជារបស់អាជ្ញាធរថែមទាំងបន្តសកម្មភាពធ្វើអាជីវកម្មទាំងគ្មានច្បាប់ល្មើសបំរាមរបស់ជំនាញយ៉ាងគឃ្លើនដដែល ។ នេះជាសញ្ញា១ បង្ហាញថា, បុគ្គលបំពានច្បាប់ នៅតែមាន ខណៈសមត្ថកិច្ច អាជ្ញាធរ ជំនាញ អនុវត្តច្បាប់ ឋិតក្នុងកម្រិតធូរលុងនៅឡើយ។
សូមជម្រាបថា, អាជ្ញាធរចាប់តាំងពីឆ្នាំ២០២២ បានចុះហាមឃាត់និងចេញសេចក្តីជូនដំណឹងដល់លោក ហ៊ាង ឆៃលី ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ខាងលើជាច្រើនដងរាប់ភ្លេច តែគាត់មិនស្តាប់ មិនអនុវត្តតាមសោះ។ទីតាំងការដ្ឋានសំណង់បេតុងលាយស្រេចនេះ មិនត្រឹមគ្មានច្បាប់អនុញ្ញាតទេ មានទាំងការសង់សំណង់រំលោភយកអូរធម្មជាតិនៅផ្នែកខាងក្រោយដែលបច្ចុប្បន្នកំពុងតវ៉ាក្តីនៅសាលាឧទ្ឋរណ៏។ ចំណែកនៅផ្នែកខាងមុខការដ្ឋានសំណង់បេតុងលាយស្រេចនេះ បានបង្កឲ្យមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ ខូចខាតផ្លូវបេតុងដែលរដ្ឋទើបសាងសង់រួចកាលពីពេលថ្មីៗ ។ ការពិតការដ្ឋានសំណង់ក៏ខុសច្បាប់ រំលោភយកដីរដ្ឋក៏ខុសច្បាប់ ហេតុអ្វី ទុកអោយបុគ្គលរូបនេះ បង្កើតភាពអនាធិបតេយ្យ នៅក្នុងខេត្ត ខណៈប្រទេសយើងគ្រប់គ្រងដោយច្បាប់ ?
ជាក់ស្តែង ខណៈកំពុងចុះពិនិត្យការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គេសង្កេតឃើញថា លោក ហ៊ាង ឆៃលី ម្ចាស់ការដ្ឋានសំណង់បេតុងលាយស្រេច នៅតែទទូចស្នើរសុំទៅអាជ្ញាធរបន្តអាជីវកម្មបន្ថែមរយៈពេល៦០ថ្ងៃ ហើយរុះរើសំណង់ទាំងនោះដោយខ្លួនឯង ដែលផ្ទុយស្រឡះពីសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលចេញកាលពីថ្ងៃទី២២ កុម្ភៈ ២០២៣ ត្រូវតែរើចេញជាកំហិតដាច់ខាតត្រឹមថ្ងៃទី២៨ កុម្ភៈ ២០២៣។ មានន័យថា, ការស្នើសុំ ចំនួន ៦០ថ្ងៃ ស្មើនឹងទុកពេលអោយលោក ហ៊ាង ឆៃលី បន្តសកម្មភាពធ្វើសំណង់ រូចរាល់តែម្តង !
ទោះយ៉ាងណា ដោយសារអាជ្ញាធរមិនទាន់ដាច់ចិត្ត១០០% ក៏បានអនុញ្ញាតដោយពន្យាថ្ងៃរុះរើឲ្យលោក ហ៊ាង ឆៃលី ម្ចាស់ការដ្ឋានសំណង់បេតុងលាយស្រេចក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចាប់ពីថ្ងៃទី០១ មិនា ២០២៣ ដល់ថ្ងៃទី១៤ មេសា ២០២៣។ បើម្ចាស់ការដ្ឋានមិនអនុវត្តកិច្ចសន្យាចុងក្រោយនេះទេ អាជ្ញាធរ និងប្រើប្រាស់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងជាដាច់ខាត ។
សូមបញ្ជាក់ថា, លិខិតរដ្ឋបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា, ជម្រាបមក
លោក ហ៊ាង ឆៃលី ម្ចាស់អាជីវកម្មការដ្ឋានសំណង់ផលិតបេតុងលាយស្រេច
កម្មវត្ថុ : ស្តីពីការបិទអាជីវកម្មការដ្ឋានសំណង់ផលិតបេតុងលាយស្រេចរបស់ឈ្មោះ ហ៊ាង ឆៃលី ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
យោងៈ កំណត់ហេតុប្រជុំ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងសែនមនោរម្យ។ -កំណត់ហេតុប្រជុំ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគីរី។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមជម្រាបមក លោក ហ៊ាង ឆៃលី ជ្រាបថា ដោយសារតែការដ្ឋានសំណង់ផលិតបេតុងលាយស្រេចនេះមិនមានច្បាប់អនុញ្ញាតឱ្យដំណើរ ការអាជីវកម្ម ធ្វើខុសបច្ចេកទេសដែលបណ្ដាលឱ្យមានការដួលរលំធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពល ដែលរស់នៅជុំវិញតំបន់នោះ និងជាពិសេសធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។ ដូចនេះ
រដ្ឋបាលខេត្តបានសម្រេចមិនអនុញ្ញាតឱ្យបន្តសុពលភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចរបស់ ឈ្មោះ ហ៊ាង ឆៃលី និងរុះរើការដ្ឋានឱ្យហើយត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ជាកំហិត ប្រសិនបើម្ចាស់ -សំណង់មិនអនុវត្តតាមការជូនដំណឹង ក្រុមការងារនឹងចុះអនុវត្តរុះរើ ហើយសោហ៊ុយ និងតម្លៃពលកម្មជា បន្ទុកចំណាយរបស់ម្ចាស់សាមី ដោយត្រូវពិន័យប្រាក់ជាអន្តរការណ៍បន្ថែម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក ហ៊ាង ឆៃលឺ ជ្រាប និងអនុវត្តប្រកបដោយ
ទំនួលខុសត្រូវ។

ទីបំផុត ! ឈានដល់ទុកពេលអោយ លោក ហ៊ាង ឆៃលី ៦០ថ្ងៃទៀត សួរថា , យើងជាពេលវេលាសមស្របទេ ? ចុះក្នុងកំឡុង ៦០ថ្ងៃ លោក ហ៊ាង ឆៃលី នៅបន្តធ្វើសំណង់ការដ្ឋាន អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ខាងតំណាងអយ្យការ អាចចាត់ការតាម វិធានច្បាប់ទេ ? ៕

អត្ថបទដែលជាប់ទាក់ទង