ឪពុកចាប់កូនអាយុ២ខែ បោកផ្ទប់ទៅនឹងឥដ្ឋ បណ្តាលឱ្
ឪពុកចាប់កូនអាយុ២ខែ បោកផ្ទប់ទៅនឹងឥដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់ រហូតត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យគន្ធបុប្ផា បទសង្ស័យប៉ុនប៉ងឃាតកម្ម
ខេត្តកំពត ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីដំណើរការតាមនីតិវិធី។ អាចបណ្តាលមកពីគ្រឿងញៀនពង្វក់ស្មារតី បុរសម្នាក់បានចាប់កូនអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យគន្ធបុប្ផា។
លោក លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមិនា នគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកអង្គរជ័យបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យក្រោមបទសង្ស័យប៉ុនប៉ងឃាតកម្ម។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសរូបនេះបានចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសធ្ងន់។ លោកស្នងការរងបានបន្តថា ក្រោយកើត ហេតុ សាច់ញាតិមិនបានប្តឹងចូលសមត្ថកិច្ចទេដោយប្រញាប់បញ្ជូនទារករងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
លុះព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោយទទួលព័ត៌មានពីមន្ទីរពេទ្យគន្ធបុប្ផាភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្តចុះសហការជាមួយនគរបាលស្រុកអង្គរជ័យតាមឃាត់ ខ្លួនជនសង្ស័យរូបនោះបានតែម្តង។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ជាមួយហេតុការណ៍ខាងលើ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចេញសេចក្តីថ្លែងការណ៍មានខ្លឹមសារថា សូមថ្កោលទោសដាច់អហង្ការ និងមិនអាចទទួលយកបានចំពោះករណីហិង្សាដោយចេតនារបស់ឈ្មោះ រឿន ចាន់រតនា ទៅលើទារកឈោ្មះ វុធ ចាន់វឌ្ឍនៈ អាយុ២ខែត្រូវជាកូនប្រុសបង្កើតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ អំពើដ៏ជោរឃៅរបស់ជននេះបានប្រព្រឹត្តឡើងកាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានចាប់កូនបោកទៅនឹងឥដ្ឋបង្កឱ្យមានស្ថានភាពរបួសធ្ងន់(ឪពុកប្រើប្រាស់គ្រឿងញៀន)។ នេះជាការប្រព្រឹត្តអំពើហិង្សាដោយ ចេតនា និងព្រៃផ្សៃដ៏អមនុស្សធម៌បំផុត។
ករណីនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្នើសុំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមនីតិវិធីច្បាប់ ៕