Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ប្រកាន់ខ្ជាប់ការកសាងអំពើបុណ្យ ដែលជា

បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ប្រកាន់ខ្ជាប់ការកសាងអំពើបុណ្យ ដែលជាមូលដ្ឋានចម្បងសម្រេចបានការរួបរួមជាតិ

(ព្រះវិហារ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ់ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរ ដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ឆ្នាំមួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅ អធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាល នាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង