ប្រជាពលរដ្ឋចំនួន៩៣គ្រួសារ នៅតែបន្តធ្វើសកម្មភាពស្វែងរកយុត្តិធម៌ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រជាពលរដ្ឋចំនួន៩៣គ្រួសារ នៅតែបន្តធ្វើសកម្មភាពស្វែងរកយុត្តិធម៌ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
កណ្តាល៖ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាន នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣នេះ។
ប្រជាពលរដ្ឋចំនួន៩៣គ្រួសារនៅតែបន្តធ្វើសកម្មភាពស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពួកគាត់បានអះអាងថា ពួកគាត់ជាប្រជាពលរដ្ឋដែលមានដីប្លង់រឹងស្របច្បាប់ ប៉ុន្តែបែរជាត្រូវបានក្រុមហ៊ុន OCIC ជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីបាននឹងកំពុងសាងសង់រំលោភយកដីស្រែរបស់ពួកគាត់ដោយធ្វើការឲ្យតម្លៃទាបជាងទីផ្សារខ្លាំងពេកគឺក្រុមហ៊ុនបានព្យាយាមដោះស្រាយតាមគោលនយោបាយក្នុង១ម៉ែត្រការ៉េចំនួន៨ដុល្លារ។
ប្រភពបន្តថា ពួកគាត់ជាប្រជាពលរដ្ឋទាំង៩៣គ្រួសារមិនអាចទទួលយកបាន ទេនូវតម្លៃដែលក្រុមហ៊ុនខាងលើដោះស្រាយឲ្យ ពីព្រោះថា ដីនៅក្នុងឃុំពត់ស និងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានតម្លៃថ្លៃ ក្នុង១ម៉ែត្រការ៉េ គឺចាប់ពី៩០ដុល្លារទៅ១២០ដុល្លារទៅហើយ។
ហេតុអ្វីបានក្រុមហ៊ុនឱ្យតម្លៃពួកគាត់ថោកដូច្នេះ ហើយតម្រូវឲ្យពួកគាត់លក់ក្នុង១ម៉ែត្រការ៉េចំនួន៨ដុល្លារ? បើពួកគាត់មិនព្រមលក់ក្រុមហ៊ុនក៏នៅតែបន្តឈូសឆាយធ្វើសកម្មភាពដដែល ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃពីព្រោះថារហូតមកដល់សព្វថ្ងៃនេះ ពួកគាត់មិនទាន់មានដំណោះស្រាយណាមួយឲ្យបានល្អប្រសើរនោះទេ ចំណែកឯក្រុមហ៊ុនក៏នៅតែដាក់របង ដាក់សមត្ថកិច្ច និងធ្វើការឈូសឆាយជារៀងរាល់ថ្ងៃដដែល។
ប្រភពបានបន្តថា បើពួកគាត់លក់ដីឲ្យក្រុមហ៊ុនតាមអ្វីដែលក្រុមហ៊ុនត្រូវការនោះ តើពួកគាត់មានលុយឯណាបង្គ្រប់សម្រាប់ទៅទិញកន្លែងផ្សេងបាន ព្រោះថា ដីនៅតំបន់នោះ គឺមានតម្លៃថ្លៃដែលពួកគាត់មិនអាចនឹងទិញវិញបានពីព្រោះពួកគាត់ត្រូវរកដីកន្លែងផ្សេងវិញដើម្បីទុកចែកឲ្យកូនៗបាន។ ពួកគាត់បានធ្វើសំណើស្នើ គោរពស្នើសុំជួបឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដើម្បីឲ្យជួយរកភាពយុត្តិធម៌ជូនដល់ពួកគាត់ដែលកំពុងរងគ្រោះដោយសារតែក្រុមហ៊ុនOCIC ដែលក្រុមហ៊ុនបានឈូសឆាយដីស្រែរបស់ពួកគាត់ ខណៈពួកគាត់ពុំទាន់បានតម្លៃសមរម្យនោះទេ ហើយម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះពួកគាត់មិនទាន់បានជួបឯកឧត្តមអភិបាលខេត្តកណ្ដាលនៅឡើយនោះទេ។
ទាក់ទិនករណីតវ៉ានេះ ពួកគាត់ទាំង៩៣គ្រួសារនៅតែមានជំនឿចិត្ត និងជឿជាក់ថា បើរឿងពួកគាត់ដែលកំពុងធ្វើការតវ៉ានេះ ដឹងឮដល់សម្ដេចតេជោ ហ៊ុន សែន ច្បាស់ណាស់ជាសម្ដេចនឹងរកយុត្តិធម៌ជូនពួកគាត់ជាក់ជាពុំខាន ព្រោះពួកគាត់ដឹងច្បាស់ថា សម្ដេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខបង្ហូរទឹកភ្នែកនោះឡើយ។ ពួកគាត់បន្តថា បើសម្ដេចដឹងថាក្រុមហ៊ុនOCICដែលកំពុងធ្វើការឈូសឆាយនៅលើដីស្រែដែលមានប្លង់កម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ តាំងពីយូរលង់ណាស់មកហើយនោះ ច្បាស់ជាសម្ដេចនឹងរកយុត្តិធម៌ជូនពួកគាត់ក្នុងនាមប្រជាពលរដ្ឋរងគ្រោះទាំង៩៣គ្រួសារនេះជាក់ជាពុំខានឡើយ៕