Banner KNP Detail Top

ចាប់មេខ្យល់ ៤នាក់ ករណីបោកប្រជាពលរដ្ឋ ជាង១០០នាក់ រឿងនាំទៅ

ចាប់មេខ្យល់ ៤នាក់ ករណីបោកប្រជាពលរដ្ឋ ជាង១០០នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េ


(ភ្នំពេញ)៖ នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមេខ្យល់ឆបោកម្នាក់ រួចបន្តស្រាវជ្រាវចាប់បក្ខពួកបន្ថែមចំនួន៣នាក់ទៀត ក្រោយឆបោកប្រជាពលរដ្ឋចំនួន១១២នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយម្នាក់ៗចាញ់បោកអស់លុយជិត១ពាន់ដុល្លារ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនមេខ្យល់ខាងលើបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រោយប្រជាពលរដ្ឋនាំគ្នាតវ៉ា នៅចំណុចផ្ទះសំណាក់ «នាគទេព» នៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនឆបោកខាងលើនេះមានឈ្មោះ តាំ ចាន់ទិ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ, នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបន្តការស្រាជ្រាវឃាត់ខ្លួនបក្ខចំនួន៣នាក់បន្ថែមទៀត។ ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ សាកសួរបន្តតាមនិតិវិធី។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ មានជនរងគ្រោះទាំង១១២នាក់ ក្នុងនោះមានស្រីមានប្រុស អ្នកខ្លះអាយុ៥០ឆ្នាំ ដែលបានចាញ់បោកមេខ្យល់ខាងលើ សន្យាថានាំទៅធ្វើការនៅប្រទេសកូរ៉េ ទទួលបានប្រាក់ខែ ចំនួន១៥០០ដុល្លារ ក្នុង១ខែ ទៅរយៈពេល៦ខែ ការងារនៅចំការបេះផ្លែឈើត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលាដោយធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ផងដែរ។
ក្រុមជនរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ពីមេខ្យល់ដែលបំផុសបំផុលព័ត៌មានដល់ពួកគាត់ តាមរោងចក្រ និងនៅតាមភូមិ ហើយមានខេត្តជាច្រើននៅ ក្នុងនោះផងដែរ ប៉ុន្តែជនរងគ្រោះនៅស្រុកស្អាង ខេត្តកណ្ដាល មានច្រើនជាងគេ គឺមានជាង៥០ភាគរយឯណោះ។
ពលរដ្ឋរងគ្រោះបន្តថា ប្រជាពលរដ្ឋបានប្រគល់លុយសុទ្ធម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ ដោយទិញសម្លៀកបំពាក់ និងរបស់របរ ដើម្បីយកទៅរស់នៅប្រទេសកូរ៉េ។ ក្នុងនោះជនឆបោកខាងលើ បាននិយាយទៅកាន់ជនរងគ្រោះទាំង១១២នាក់ថា ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈសមាគម តែមិនបានបញ្ជាក់ឈ្មោះសមាគមនោះឡើយ។ ហើយមានវគ្គផ្សេងៗគ្នា និងមានការប្រឡង ឬរៀនវគ្គភាសាកូរ៉េបន្ថែមទៀត។
ជនរងគ្រោះបន្តទៀតថា ក្នុងនោះវគ្គដំបូងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែលមានគ្នា៩៤នាក់ តែមិនបានធ្វើដំណើរទេ ដោយសារមេខ្យល់បានប្រាប់ថា យន្តហោះផ្អាកជើងហោះហើររង់ចាំថ្ងៃទី៧ ខែមីនា។ បន្ទាប់មកមេខ្យល់ក៏នាំ បងបងប្អូនប្រជាពលរដ្ឋទៅសំរាកនៅផ្ទះសំណាក់ «នាគទេព» ដើម្បីរង់ចាំយប់ថ្ងៃទី៧ ខែមីនា ទើបយន្តហោះដឹកពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ។
ជនរងគ្រោះ បានបញ្ជាក់ថា មិនត្រឹមតែចាញ់បោកមេខ្យល់អស់លុយក្នុងម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅទេ គឺថែមទាំងចាញ់បោកមេខ្យល់ ដោយយកលុយខ្មែរទៅប្តូរយកលុយកូរ៉េ ដើម្បីយកទៅចាយនៅប្រទេសកូរ៉េ អស់មួយចំនួនទៀត។ លុះនៅវេលាម៉ោងកើតហេតុ ដោយមានការសង្ស័យ ខ្លាចមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ទើបនាំគ្នាប្តឹងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់បានម្នាក់ ក្នុងចំណោមបក្សពួកចំនួន៣នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្តង។
សមត្ថកិច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឃាត់ជនសង្ស័យបានម្នាក់យកទៅសួរនាំនោះ បានបញ្ជាក់ប្រាប់ថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយពីបងប្រជាពលរដ្ឋពិតប្រាកដមែន។ ទោះបីជាយ៉ាងណា ជនសង្ស័យជាមេខ្យល់នេះ មិនបានបញ្ជាក់លំអិតនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងតែសួរនាំបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង