មហាជនចាប់អារម្មណ៍គ្រប់គ្នា ក្រោយពីវីដេអូនៃការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ត្រូវបាន
មហាជនចាប់អារម្មណ៍គ្រប់គ្នា ក្រោយពីវីដេអូនៃការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ត្រូវបានបញ្ចេញ ទាំងភាសាខ្មែរ និងអង់គ្លេស
ភ្នំពេញ៖ ពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាក្រោយពីវីដេអូនៃការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ត្រូវបានបញ្ចេញមុននេះទាំងភាសាខ្មែរ និងអង់គ្លេស។ អ្វីដែលជាការចាប់ភ្លឹកក្នុងវីដេអូផ្សព្វផ្សាយនេះគឺជាការចូលរួមសម្តែងដោយម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២២កញ្ញា ហង្ស ម៉ានីតា និងសិល្បករវ័យក្មេងរូបស្រស់សោភាកូនកាត់ខ្មែរអាល្លឺម៉ង់ គឺកុមារី ឈើរី ដែលទស្សនិកជនស្គាល់ថាជាតារាសម្តែង បង្ហាញម៉ូដ និងពេលនេះគឺជាបេក្ខភាព Little Miss Cambodia 2023។
ធ្វើឱ្យអ្នកទស្សនាជក់ចិត្តក្រោយពីគេដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ នឹងកាន់តែធំនិងបង្កើតបាននូវបរិយាកាសសប្បាយរីករាយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងក៏ជាឱកាសដ៏សម្បើមមួយក្នុងការផ្សព្វផ្សាយសិល្បៈប្រពៃណីជាតិទៅកាន់ពិភពលោកផងដែរ។ មុននេះវីដេអូនៃការផ្សព្វផ្សាយព្រឹត្តិការណ៍នេះត្រូវបានបញ្ចេញនៅលើបណ្តាញផ្សព្វផ្សាយនានា ទាំងទូរទស្សន័ បណ្តាញទំនាក់ទំនងសង្គមដោយទទួលបានការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ខាងលើ ហើយពេលនេះក៏មានអ្នកដាក់គោលដៅធ្វើដំណើរកម្សាន្តរួចជាស្រេចសម្រាប់ការចូលរួមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗនេះ។ ក្នុងវិដេអូជិតមួយនាទី ដែលហង្ស ម៉ានីតា និងឈើរី ត្រូវបានធ្វើដំណើរចេញទៅថតផ្ទាល់នៅលើទឹកដីនៃខេត្តសៀមរាបដែលជាទីកន្លែងគ្រោងរៀបចំខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។ វីដេអូខ្លីប៉ុន្តែបានឆ្លុះបញ្ចាំងពីទិដ្ឋភាពយ៉ាងសប្បាយរីករាយ ការជួបជុំ ធ្វើដំណើរកម្សាន្ត លេងល្បែងប្រជាប្រិយ កាន់តែធ្វើឱ្យអ្នកទស្សនាកោតសរសើរទាំងការសម្តែង និងការផ្តិតយកទិដ្ឋភាពដែលអ្នកទស្សនាបានឃើញហើយចិត្តកាន់តែពុះកញ្ជ្រោលចង់ទៅចូលរួម។
គួរបញ្ជាក់ដែរថា ទស្សនិកជនកោតសរសើរចំពោះកញ្ញាឯក ហង្ស ម៉ានីតា ដែលមុននេះនាងបានប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិនៅសហរដ្ឋអាមេរិក បើទោះបីជាមិនទទួលបានលទ្ធផលល្អក្តី ប៉ុន្តែនាងបានឈ្នះក្នុងដួងចិត្តទស្សនិកជន ខណៈដែលក្មេងស្រី ឈើរីដែលមុននេះនាងក៏ជាក្មេងស្រីពោរពេញដោយសមត្ថភាព ទេពកោសល្យទាំងការដើរបង្ហាញម៉ូដ សម្តែង ច្រៀង និងរាំ ហើយចុងក្រោយនេះនាងនឹងលេចមុខក្នុងកម្មវិធីប្រកួតសម្រស់ Little Miss Cambodia 2023 ដែលគេរំពឹងថានាងនឹងទទួលបានលទ្ធផលល្អប្រសើរណាមួយជាក់ជាមិនខាន៕