ប្រទេសចំនួន៥ ហើយ ដែលបានត្រៀមបញ្ជូន កីឡាករ កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ
ប្រទេសចំនួន៥ ហើយ ដែលបានត្រៀមបញ្ជូន កីឡាករ កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ
ភ្នំពេញ៖ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជា បានជាគូសបញ្ជាក់ថា ប្រទេសចំនួន៥ ហើយ ដែលបានត្រៀមបញ្ជូន កីឡាករ កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួមមាន ប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះ កម្ពុជា សរុបគឺ ៦ ប្រទេស។
មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាខែឧសភា គឺម្ចាស់ផ្ទះកម្ពុជា គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ ចំនួន២ គឺទី១ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មក យើងបន្តទៅ រៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (The First Kun Borkator SEA Championship 2023) ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ ក្នុងការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
បញ្ជីវិញ្ញាសា ដែលបានកំណត់ជាផ្លូវការ លើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធ គុនចម្រុះ គឺមានចំនួន ១៦ វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែង មានចំនួន ៧ (ឯកត្តជន-ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធ មានចំនួន៩ រួមមាន ផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង ៧០ គីឡូក្រាម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង ៦០គីឡូក្រាម។
ក្នុងចំណោម ៣៧ ប្រភេទកីឡា ដែលរៀបចំដាក់ឱ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា កម្ពុជាបានសម្រេចដាក់បញ្ជូលនូវប្រភេទ កីឡាវប្បធម៌អត្តសញ្ញាណជាតិរបស់ខ្លួន ចំនួន ៣ ព្រោះនេះជាឱកាសមាស ក្នុងការបង្ហាញកីឡាប្រណៃណីទាំងនេះ ទៅកាន់អន្តរជាតិ ហើយប្រភេទកីឡាវប្បធម៌ ប្រពៃជាតិទាំង ៣ នេះគឺ មានគុនល្បុក្កតោ គុនខ្មែរ និងអុកចត្រង្គ ដែលប្រជាពលរដ្ឋ និយមលេងក្នុងសង្គម។
ជាមួយនឹងការសម្រេចដាក់បញ្ជូលប្រភេទកីឡាគុនល្បុក្កតោ គុនខ្មែរ និងអុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ម្ចាស់ផ្ទះកម្ពុជា បានរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ រួចហើយ លើប្រភេទកីឡាគុនខ្មែរ និងអុកចត្រង្គ ខណៈគុនល្បុក្កតោ នឹងរៀបចំជើងឯក អាស៊ីអាគ្នេយ៍ នាចុងខែមីនា ឆ្នាំ២០២៣ នេះ។ «ការធ្វើម្ចាស់ផ្ទះ គឺជាឱកាសបង្ហាញ កីឡាវប្បធម៌ អត្តសញ្ញាណជាតិ»៕