Banner KNP Detail Top

បំបែកសំណុំរឿងជួញដូរ និងបង្ខាំងមនុស្សដោយខុសច្បាប់ ជនសង្ស័យជនជាតិចិន ៣នាក់ ត្រូវចាប់ខ្លួន

បំបែកសំណុំរឿងជួញដូរ និងបង្ខាំងមនុស្សដោយខុសច្បាប់ ជនសង្ស័យជនជាតិចិន ៣នាក់ ត្រូវចាប់ខ្លួន


(ព្រះសីហនុ)៖ ក្រោយទទួលបានបណ្ដឹងតាមរយៈទំព័រហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សំណើសុំជួយអន្តរាគមន៍ (ប្រភពបណ្តឹងពីមិត្តភក្តិរបស់ជនរងគ្រោះ) ស្វែងរកជនបរទេសម្នាក់ ជនជាតិចិន ឈ្មោះ HU RONG ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីជួញដូរ និងបង្ខាំងមនុស្ស នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះ និងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅទីតាំងសណ្ឋាគារ និងកាស៊ីណូ ជីនប៉ី៣ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមាននាមករណ៍កាស៊ីណូ ជីន ប៉ី គ្រុប នាមករណ៍ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក។
កម្លាំងនគរបាលជំនាញ បានធ្វើការត្រួតពិនិត្យនៅទីតាំងសណ្ឋាគារ និងកាស៊ីណូខាងលើ នៅក្នុងការិយាល័យធ្វើការ ជាន់ទី១២ បន្ទប់លេខ ១២០៣B ,១២០៥ ,១២០៧B , ១២០៨B និងអគារស្នាក់នៅ ជាន់ទី១៤ មាន ២៩បន្ទប់ និងបន្ទប់១៤១៧ ជាបន្ទប់ជនរងគ្រោះស្នាក់នៅចប់សព្វគ្រប់។
ជាលទ្ធផលបឋម ជនរងគ្រោះឈ្មោះ HU RONG ជនជាតិចិន ដែលត្រូវបានមិត្តភក្តិជួយប្តឹងតាមបណ្តឹងលេខ ៧៨២ ខាងលើសមត្ថកិច្ច បានស្រាវជ្រាវនៅសណ្ឋាគារ និងកាស៊ីណូ ជីន ប៉ី គ្រុប បានឲ្យដឹងថា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះមានគ្នា៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា CAR.LIF7 បានចូលមកក្នុងសណ្ឋាគារ រួចហើយជនរងគ្រោះក៏បានសម្រាកតែម្នាក់ឯងជាមួយបុគ្គលិកកាសុីណូផ្សេងទៀតនៅក្នុងបន្ទប់លេខ ១៤១៧ ជាន់ទី១៤ ជនរងគ្រោះបានសម្រាកនៅក្នុងសណ្ឋាគារតែមួយយប់ទេ។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះមានគ្នា៣នាក់ ដដែល ជិះរថយន្តដដែល បាននាំគ្នាចាកចេញពីសណ្ឋាគារ រហូតដល់ព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះមានគ្នាលើសពី៣នាក់ បានជិះរថយន្តដដែលត្រឡប់មកឈប់នៅខាងមុខសណ្ឋាគារ។
កម្លាំងចម្រុះបានបន្តទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានធ្វើការឆែកឆេរ ជាន់ទី១៦ បន្ទប់លេខ១៦១២ រកឃើញជនសង្ស័យដែលពាក់ព័ន្ធក្នុងករណី តាមបណ្តឹងលេខ ៧៨២ ចំនួន៣នាក់ រួមមាន ទី១៖ ឈ្មោះ HEI LONGJIANG ជនជាតិចិន អាយុ៣៨ឆ្នាំ, ទី២៖ ឈ្មោះ ZHOU LAI ជនជាតិចិន អាយុ២៨ឆ្នាំ និងទី៣៖ ឈ្មោះ WANG JIANPING ជនជាតិចិន អាយុ២៣ឆ្នាំ។
ក្នុងនោះដកហូតបាន រថយន្ត AUDI ពណ៍ខ្មៅ ផ្លាកលេខ 2AD-8796 ម្ចាស់ឈ្មោះ ZHOU LAI, រថយន្ត RANDROVER ពណ៍ខ្មៅ ផ្លាកលេខកម្ពុជា CAR.LIF7 ម្ចាស់ឈ្មោះ WANG JIAN PING, រថយន្ត RANDROVER ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ 2AW-5665 ម្ចាស់ឈ្មោះ HEILONG JIANG, អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់ (មួយដើម) របស់ឈ្មោះ WANG JIAN PING, អាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING, ទូរស័ព្ទ ចំនួន០២គ្រឿង, ដំបងដែក (០១ដើម), គ្រឿងញៀនមួយចំនួនធំ និងសម្ភារៈមួយចំនួន។
កម្លាំងនគរបាលបានបន្តទៅកាស៊ីណូ ប៉ ឡាយ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមាននាមករណ៍កាស៊ីណូ ប៉ ឡាយ ( BO LAI ) នាមករណ៍ក្រុមហ៊ុន ប្រីលលានស៊ី សីហនុវីល អ៊ិនវេសម៉ិន និង ឌីវេលឡុបម៉ិន និងនាមករណ៍អ្នកឈរឈ្មោះ WANG TING ភេទប្រុស ជនជាតិ អាហ្សង់ទីន។
ដោយមានការសហការពីម្ចាស់ទីតាំងកម្លាំងនគរបាល បានត្រួតពិនិត្យ និងឆែកឆេរអគារ តែមិនឃើញអត្តសញ្ញាណជនរងគ្រោះតាមបណ្តឹងលេខ ៧៨២នៅទីនោះទេ យើងក៏បានបន្តស្រាវជ្រាវ ហើយក៏មានមិត្តរបស់ជនរងគ្រោះម្នាក់ឈ្មោះ HUANG WAIPING ជនជាតិចិន ទូរសព្ទលេខ ០៦៧ ៣៣៨ ៧០៣បានទាក់ទងទៅជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏ជិះផាស្អាប់ដោយខ្លួនឯងមកកាស៊ីណូ ប៉ឡាយ បានជួបនិងសមត្ថកិច្ចតែម្តង ដោយមូលហេតុ ជនរងគ្រោះជាបុគ្គលិកចាស់នៅទីនេះ។
ក្រុមការងារបានសម្រេចនាំជនរងគ្រោះ និងជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះ ចំនួន៣នាក់ជនជាតិចិន និងវត្ថុតាំង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវសាកសួរ និងបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង