Banner KNP Detail Top

សមគំនិតក្នុងអំពើឃាតកម្មនេះ! ពាក់ព័ន្ធការសម្លាប់ អ្នកទិញអេតចាយម្នាក់ ព្រោះតែ

សមគំនិតក្នុងអំពើឃាតកម្មនេះ! ពាក់ព័ន្ធការសម្លាប់ អ្នកទិញអេតចាយម្នាក់ ព្រោះតែជម្លោះក្នុងវង់ផឹកស្រា បញ្ជូនក្រុមជនសង្ស័យ ប្រុសស្រី ប្រាំពីរ នាក់ ទៅសាលាដំបូងខេត្តកែប

កែបៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ បញ្ជូនជនសង្ស័យប្រាំពីរនាក់ ទៅសាលាដំបូង ពាក់ព័ន្ធការសម្លាប់ អ្នកទិញអេតចាយម្នាក់ ព្រោះតែជម្លោះក្នុងវង់ផឹកស្រា។ ករណីនេះ បានកើតឡើង នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា បន្ទាប់ពីកសាងបែបបទរួចរាល់ នៅព្រឹកថ្ងៃទី១២ ខែមីនា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកែប បានបញ្ជូនក្រុមជនសង្ស័យ ប្រុសស្រី ប្រាំពីរ នាក់ ទៅសាលាដំបូងខេត្តកែប ក្នុងសំណុំរឿងឃាតកម្មលើបុរសម្នាក់ ពេលផឹកស្រារួមគ្នា កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ជនរងគ្រោះ ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ផែន រ៉ាំ អាយុ ៣៦ ឆ្នាំ ជាអ្នកដើរទិញអេតចាយ មានទីលំនៅ ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនសង្ស័យ ទាំងប្រាំពីនាក់ គឺម្នាក់ជា ជនដៃដល់ ឈ្មោះ យ៉ង វឌី ភេទប្រុស អាយុ ៣១ ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ អូរលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ រីឯប្រាំមួយ នាក់ទៀត មានស្រីពីរនាក់ផង ជាប់សង្ស័យពីបទសមគំនិត ក្នុងអំពើឃាតកម្ម។
មុនបញ្ជូនទៅសាលាដំបូង ពោលគឺ កាលពីថ្ងៃទី១១ ខែមីនា សមត្កិច្ចបាននាំជនដៃដល់ និងអ្នកពាក់ព័ន្ធ ទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងប្រព្រឹត្ត និងតម្រូវឱ្យបង្ហាញគ្រប់សកម្មភាពទាំងអស់។ ជាមួយនេះ នាព្រឹកថ្ងៃទី១២ ខែមីនា លោកស្នងការ ក៏បានបង្ហាញមុខក្រុមជនសង្ស័យ ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងបរិវេណ ស្នងការដ្ឋានខេត្តកែប ដើម្បីរ៉ាយរ៉ាប់លម្អិត ជុំវិញហេតុការណ៍ ដ៏ឃោរឃៅនោះ។
កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ អធិការដ្ឋានស្រុកដំណាក់ចង្អើរ បានទទួលបណ្តឹងរបស់ពលរដ្ឋ រស់នៅភូមិ ត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតថា កាលពីម៉ោង១០ និង២៦ នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ហែម សុខា ហៅ តាចេកចៀន ជាអ្នកភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរថា ប្អូនគម ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានស្លាប់ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ស្រុកកំពង់ត្រាច។
ពាក្យបណ្តឹងបានសម្តែងការសង្ស័យថា អាចមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ទើបកម្លាំងផែនការងារព្រហ្មទណ្ឌខេត្តកែប សហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋានស្រុកដំណាក់ចង្អើរ ចុះពិនិត្យសាកសព រួចបើកការស៊ើបអង្កេត រកឃើញថា នោះជារឿងឃាតកម្ម។ ផ្តើមចេញពីកិច្ចស្រាវជ្រាវ យ៉ាងលម្អិត សមត្ថកិច្ច បានកំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួនប្រាំពីរនាក់។ ក្នុងនោះម្នាក់ជាជនដៃដល់ ដោយបានវាយសម្លាប់ជនរងគ្រោះ ព្រោះតែជម្លោះពាក្យសម្តី ក្នុងពេលផឹកស្រាជាមួយគ្នា។ ចំណែកប្រាំមួយនាក់ ដែលមានស្រីពីរនាក់ផងនោះ បានសមគំនិត ក្នុងអំពើឃាតកម្មនេះ៕

អត្ថបទដែលជាប់ទាក់ទង