បង្ក្រាបករណីផ្ទុះអាវុធ និងករណីជួញដូរគ្រឿងញៀន ចំនួន ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមនឹងថ្នាំញៀនមួយចំនួន ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន ២ដើម គ្រាប់ចំនួន២០គ្រាប់ និងរថយន្ត ២គ្រឿង
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីផ្ទុះអាវុធ និងករណីជួញដូរគ្រឿងញៀន ចំនួន ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមនឹងថ្នាំញៀនមួយចំនួន ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន ២ដើម គ្រាប់ចំនួន២០គ្រាប់ និងរថយន្ត ២គ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយករណីទី១ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបើកយុទ្ធនាការប្រតិបត្តិការនាវេលាម៉ោង ០២ និង៣៧នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចមុខក្លឹបកម្សាន្តយីហោ”អូ ស្កា” ក្រុម១៥ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យរួមមានទី១៖ ឈ្មោះ GAO ZHI YA ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន, ទី២៖ ឈ្មោះ FU ZHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន។
វត្ថុតាងដកហូតរួមមាន៖ ថ្នាំគ្រាប់អក្ស WY សង្ស័យជាសារធាតុញៀនចំនួន ០៦គ្រាប់, កាំភ្លេីងខ្លី០១ដេីម ម៉ាក ZORAKI គ្រាប់ចំនួន០៦ គ្រាប់។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី។
ចំណែកករណីទី២ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បន្ទាប់ពីបានទទួលមានពីប្រជាពលរដ្ឋប្តឹងថាមានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្សមួយក្រុម មានគ្នា៥នាក់ កាលពីថ្ងៃទី១២ ខែមីនាម្សិលមិញនេះ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់។ ភ្លាមនោះកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុរកឃើញសំបកគ្រាប់កាទុសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។
ដោយកម្លាំងសមត្ថកិច្ចជំនាញ បន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន៣នាក់) នៅកាស៊ីណូ មួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលខេត្ត បានចាប់យកវត្ថុតាងរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់២ មាន១៤គ្រាប់), សំបកគ្រាប់កាទុស ៥គ្រាប់, រថយន្ត ២គ្រឿង។ ១គ្រឿងមានម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿងទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។ ជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងស្វែងរកបក្ខពួកសេសសល់ដែលកំពុងរត់គេចខ្លួន យកមកអនុវត្តន៍តាមនីតិវិធីច្បាប់៕