Banner KNP Detail Top

ស្គាល់គ្នាតាមហ្វេសប៊ុក ក៏ណាត់ជួបគ្នាជាលើកទី១ បែរជាយុវតីម្នាក់ បានរត់ត្រហេបត្រហបមកប្តឹងសមត្ថកិច្ច

ស្គាល់គ្នាតាមហ្វេសប៊ុក ក៏ណាត់ជួបគ្នាជាលើកទី១ បែរជាយុវតីម្នាក់ បានរត់ត្រហេបត្រហបមកប្តឹងសមត្ថកិច្ច

ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី១៣ មីនា នៅចំណុចរង្វង់មូលដំរីស ក្នុងភូមិផ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ យុវតីម្នាក់បានរត់ត្រហេបត្រហបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់តាកោ អោយជួយអន្តរាគមន៍ ដោយសារត្រូវយុវជនម្នាក់ដែលស្គាល់គ្នាតាមហ្វេសប៊ុកបោកយកម៉ូតូទៅបាត់ ក្នុងពេលណាត់ជួបគ្នាជាលើកទី១។
យុវតីរងគ្រោះមានឈ្មោះ ណុប រតនា អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធ៌រៀង ខេត្តព្រៃវែង ចំណែកម៉ូតូដែលជនល្មើសយកទៅបាត់នោះម៉ាកឌ្រីមសង់ ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ FD-៨៤៨៣។
យុវតីរងគ្រោះបានអោយដឹងថា រូបនាងនិងជនសង្ស័យអាយុប្រហែល១៨ឆ្នាំមិនស្គាល់ឈ្មោះនោះទេ បានស្គាល់គ្នាតាមបណ្តាញសង្គម ហ្វេសប៊ុក ជាង១អាទិត្យមកហើយ ។ ជនសង្ស័យបានទូរសព្ទ័មកលួងលោមហៅយុវតីរងគ្រោះ អោយទៅញ៉ាំចំណីជាមួយរូបគេ ដោយអោយយុវតីរងគ្រោះជិះម៉ូតូទៅយករូបគេនៅចំណុចរង្វង់មូលស្វាយអន្ទរ។
យុវតីរងគ្រោះបានបន្តថា ពេលទៅដល់ ជនសង្ស័យបានឡើងជិះម៉ូតូជាមួយយុវតីរងគ្រោះ ហើយដឹកនាងទៅញ៉ាំអីនៅចំណុចរង្វង់មូលដំរីស ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ពេលហូបអីរួចជនរងគ្រោះបានឱ្យជនសង្ស័យដឹកនាងទៅធ្វើសក់ផាត់មុខ នៅភូមិខ្នយ ផ្ទះធារ៉ាសាឡន រួច ជនសង្ស័យបានប្រាប់យុវតីរងគ្រោះថា រូបគេយកម៉ូតូទៅជួសជុលនៅរង្វង់មូលដំរីសវិញ ចាំធ្វើសក់រួច ចាំគេមកយកវិញ។ ប៉ុន្តែពេលយុវតីរងគ្រោះធ្វើសក់ផាត់មុខរួច ចាំយូរពេកមិនឃើញជនសង្ស័យទៅយក នាងក៏តេទៅជនសង្ស័យដែរ តែតេមិនចូល ទើបដឹងថាចាញ់បោកគេហើយ ទើបនាងយំសស្រេកសស្រាក់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាកោ អោយជួយអន្តរាគមន៍ នៅវេលាម៉ោង៧យប់ថ្ងៃដដែល ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ សមត្ថកិច្ចបានត្រឹមតែធ្វើការស្រាវជ្រាវតាមរយៈអាខោនហ្វេសប៊ុក និងលេខទូរសព្ទ័ដែលតេទាក់ទងគ្នាប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង