បង្ក្រាបកាណូត ពីរគ្រឿង និងឃាត់ខ្លួនមនុស្ស ៤នាក់ ដែល ប្រើប្រាស់ឧបករណ៍មង ខុសច្បាប់ និងលួចនេសាទ
បង្ក្រាបកាណូត ពីរគ្រឿង និងឃាត់ខ្លួនមនុស្ស ៤នាក់ ដែល ប្រើប្រាស់ឧបករណ៍មង ខុសច្បាប់ និងលួចនេសាទ នៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌
កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះ បង្ក្រាបកាណូត ពីរគ្រឿង និងឃាត់ខ្លួនមនុស្ស បួននាក់ ដែល ប្រើប្រាស់ឧបករណ៍មង ខុសច្បាប់ និងលួចនេសាទ នៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌ ។ ជាមួយនឹងការឃាត់ខ្លួននោះ សមត្ថកិច្ចចម្រុះ បានព្រមាន និងឱ្យធ្វើកិច្ចសន្យា អប់រំ និងបានដកហូតយកមង ដែលជាឧបករណ៍ ខុសច្បាប់ កម្ទេចចោល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ ។
មន្ត្រីជលផលខេត្តម្នាក់ ដែលស្ថិតនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះ បានប្រាប់ឱ្យ ដឹងថា ក្រោយពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៤ មីនាថា មានកាណូតឈើ ពីរគ្រឿង មានមនុស្ស ប្រាំបួននាក់ ក្នុងនោះ មានក្មេងជំទង់ ប្រាំនាក់ បានប្រើប្រាស់ឧបករណ៍មងខុសច្បាប់ កំពុងលួចនេសាទ នៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លេ ស្ថិតនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូណ៌ នោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចាត់វិធានការបង្ក្រាប ជាបន្ទាន់ ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចចម្រុះ រួមមាន នគរបាលការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផលខេត្ត សរុបចំនួន ១៥ នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ពីរគ្រឿង បានទៅដល់ចំណុច តំបន់អភិរក្សព្រែកអន្លង់ទន្លា ដែលជាទីកន្លែង ដែលបានត្រូវរាយ ការណ៍ថា មានបទល្មើសនេសាទនោះ ភ្លាមៗដែរ។
ក្រោយពីសមត្ថកិច្ចចម្រុះ បានរាយការណ៍សុំយោបល់ថ្នាក់លើ សមត្ថកិច្ចជំនាញ បាន សម្រេចធ្វើកិច្ចសន្យាអប់រំ និងព្រមានជនល្មើសទាំង បួននាក់ ជាអ្នកប្រើឧបករណ៍មង ខុសច្បាប់ និងលួចនេសាទ នៅក្នុងតំបន់អភិរក្សខុសច្បាប់ ។
ទាំងបួននាក់នោះ រួមមានៈ ឈ្មោះ ម៉ៅ សុផល អាយុ ៤០ ឆ្នាំ និងប្រពន្ធរបស់គាត់ , ឈ្មោះ វៀង យាំងយុង អាយុ ៥៣ ឆ្នាំ និងប្តីរបស់គាត់ ពួកគេ រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ជាជនក្រីក្រ ក្នុងនោះ សមត្ថកិច្ច បានដកហូតយក ឧបករណ៍មងខុសច្បាប់ ទាំង ២ វង់ ដើម្បីកម្ទេចចោល ៕