បុរសម្នាក់ យកផាវគ្រាប់បែក ទៅច្នៃ រួចដុតបោកត្រី ក្នុងស្ទឹង លុះបោះមិនទាន់ ក៏ផ្ទុះនៅលើដៃ រងរបួសធ្ងន់ ដាច់ដៃខាងស្តាំ របួសភ្លៅទាំងពីរ និងរបួសដើមទ្រូង
បុរសម្នាក់ យកផាវគ្រាប់បែក ទៅច្នៃ រួចដុតបោកត្រី ក្នុងស្ទឹង លុះបោះមិនទាន់ ក៏ផ្ទុះនៅលើដៃ រងរបួសធ្ងន់ ដាច់ដៃខាងស្តាំ របួសភ្លៅទាំងពីរ និងរបួសដើមទ្រូង
ខេត្តប៉ៃលិន៖ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកំពង់លៃ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បុរសម្នាក់ បានយកផាវគ្រាប់បែក ទៅច្នៃរួចដុតបោកត្រី ក្នុងស្ទឹង។ លុះបោះមិនទាន់ ក៏ផ្ទុះនៅលើដៃ រងរបួសធ្ងន់ ដាច់ដៃខាងស្តាំ របួសភ្លៅទាំងពីរ និងរបួសដើមទ្រូង។
ជនរងគ្រោះ មានឈ្មោះ ងួន ប៊ុនធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ នៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកសិករ។
មុនពេលកើតហេតុ គេឃើញបុរសនេះ បានទិញផាវគ្រាប់បែកពីតូបលក់ចាប់ហួយ នៅផ្សារ ជាច្រើនគ្រាប់ យកទៅដករំសេវផ្សំគ្នា បង្កើតជាគ្រាប់បែក បោកត្រី លុះច្នៃរួចហើយ ក៏យកទៅដុតបោកត្រី។ ពេលដុតប្រឆេះគ្រាប់បែក ខណ:ជនរងគ្រោះ បោះចូលទៅក្នុងទឹក មិនទាន់ ក៏ផ្ទុះនៅលើដី បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ តែដោយសារសភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យធំ នៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន យកផាវគ្រាប់បែក ទៅច្នៃ ធ្វើគ្រាប់បែកបោកត្រី ហើយបណ្តាលឱ្យរងរបួសដូច្នេះ៕