បញ្ជូនជនសង្ស័យជនជាតិថៃ ទៅសាលាដំបូងខេត្ត ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស
បញ្ជូនជនសង្ស័យជនជាតិថៃ ទៅសាលាដំបូងខេត្ត ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស
ខេត្តបន្ទាយមានជ័យៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ សមត្ថកិច្ចបានប្រាប់ថា នៅរសៀលម៉ោង១៣និង៣៩នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃ០៤នាក់ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ អាយុ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ២-ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។ ៣-ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។ ៤-ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ជនសង្ស័យទាំង៤នាក់ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លេីយថា ពួកខ្លួនពិតបានរំលោភសេពសន្ថវៈលើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕