Banner KNP Detail Top

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ខណៈប្តីប្រពន្ធ២នាក់ រួមដំណើរជាមួយក្មួយប្រុសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ខណៈប្តីប្រពន្ធ២នាក់ រួមដំណើរជាមួយក្មួយប្រុសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចជិតអតីតរោងចក្រ គួងហុង ផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្តីប្រពន្ធ២នាក់ រួមដំណើរជាមួយក្មួយប្រុសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស ដើម្បីយកទៅលក់បន្ត លុះពេលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយធ្វើអោយម៉ូតូរបស់ជនរងគ្រោះរេចង្កូតជ្រុលទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់រ៉ឺម៉ករងរបួសធ្ងន់-ស្រាលចំនួន៣នាក់តែម្តង។
ជនរងគ្រោះខាងលើមានឈ្មោះ លន់ ចិន្តា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកំណើតកោះតិជោរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកសម្ភារៈដែលបាត់បង់នៅក្នុងកាបូប រួមមាន ៖ លុយខ្មែរចំនួន៧២ម៉ឺនរៀល អត្តសញ្ញាណប័ណ្ឌ សញ្ជាតិខ្មែរ១សន្លឹក និងឯកសារពាក់ព័ន្ធនិងធនាគារមួយចំនួនថែមទៀតផង។
មុនពេលកើតហេតុ រូបគាត់មានគ្នាចំនួន៣នាក់ ប្រពន្ធ និងក្មួយប្រុសដែលអាយុប្រហែល២ឆ្នាំជាង បាននាំគ្នាជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះនៅម្តុំគគីរធំ ស្រុកកៀនស្វាយ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស ដើម្បីយកទៅលក់បន្ត ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កើតហេតុ ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានមួយគ្រឿងហុងដាឌ្រីម និងមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ស មិនចាំស្លាកលេខ បានជិះតាមមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបគាត់ដែលជាអ្នកបើកម៉ូតូបានសំរេច ធ្វើអោយរ៉ឺម៉កម៉ូតូរបស់គាត់រេចង្កូតជ្រុលទៅបុកជាមួយនឹងរបាំថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រ៉ឺម៉ករងការខូចខាត និងធ្វើអោយក្មួយប្រុសរបស់គាត់រងរបួសរយះឆ្អឹងជំនីធ្ងន់ធ្ងរ ចំណែករូបគាត់២នាក់ប្តីប្រពន្ធ រងរបួសតិចតួច ៕

អត្ថបទដែលជាប់ទាក់ទង