តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែកតួឯកស្រីល្អបំផុត នៅឆ្នាំ២០២៣
តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែកតួឯកស្រីល្អបំផុត នៅឆ្នាំ២០២៣
អន្តរជាតិ៖ តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែកតួឯកស្រីល្អបំផុត នៅឆ្នាំ២០២៣នាពេលថ្មីៗនេះ តាមរយៈការសម្តែងជាតួឯកក្នុងរឿង Everything Everywhere All at Once។
តារាសម្ដែងភាពយន្ត មីឆែល យូ (Michelle Yeoh) វ័យ៦០ឆ្នាំ មានដើមកំណើតនៅប្រទេសម៉ាឡេស៊ី កើតនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦២ នៅទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី។ អ្នកស្រី មីឆែល យូ ត្រូវបានគេស្គាល់ជាតារាភាពយន្តស្រីដ៏អស្ចារ្យបំផុតម្នាក់ ជាពិសេសតាមរយៈការសម្តែងបែបសកម្មភាពគ្រោះថ្នាក់ និងក្បាច់គុនយ៉ាងប្រសព្វ។
សូមជម្រាបជូនថា ប្រវត្តិរបស់អ្នកស្រី មីឆែល យូ នៅឆ្នាំ១៩៨៤ បានបង្ហាញខ្លួនជាតារាសម្តែងបែបក្បាច់គុន ក្នុងវិស័យភាពយន្តហុងកុងដែលរឿងនោះមានចំណងជើង The Owl vs. Bumbo និង ទោះបីជាតួរង អ្នកស្រីត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពបង្ហាញក្បាច់គុនរបស់ខ្លួន។ ក្នុងឆ្នាំ១៩៨៥ អ្នកស្រីបានសម្តែងក្នុងខ្សែភាពយន្តក្បាច់គុន Yes, Madam! ដែលនិយាយអំពីប៉ូលីសស្រីពីរនាក់ ដោយពេលនោះអ្នកស្រីសម្តែងជាតួឯក។ នៅឆ្នាំ ១៩៨៨ អ្នកស្រីបានរៀបការជាមួយផលិតករភាពយន្ត លោក Dickson Poon ហើយបានចូលនិវត្តន៍។ ពេលនោះ អ្នកស្រី Yeoh នៅអាយុ២៨ឆ្នាំ សង្ឃឹមថានឹងបង្កើតគ្រួសារក៏ដោយ ប៉ុន្តែអ្នកស្រីមិនអាចមានកូនបានដែរ បន្ទាប់មកអ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ ១៩៩២ អ្នកស្រីក៏បានចាប់អាជីពសម្តែងឡើងវិញ។
អ្នកស្រី មីឆែល យូ ក្នុងឆ្នាំ១៩៩២ បានសម្តែងជាមួយ jackie chan ក្នុងរឿង Police Story 3: Supercop និងបង្ហាញខ្លួនជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកស្រីជាតារាឈានមុខគេនៅហុងកុង។ ទោះបីជាយ៉ាងណា អ្នកស្រី មីឆែល យូ Yeoh បានរងរបួសធ្ងន់ធ្ងរជាច្រើនក្នុងអំឡុងពេលអាជីពរបស់នាង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលថតរឿង The Stunt Woman ក្នុងឆ្នាំ១៩៩៥ នាងសម្តែងខុសបច្ចេកទេសរបួសស្ទើរតែបាក់ខ្នង។ ពេលកំពុងសម្រាកព្យាបាល នាងបានពិចារណាចូលនិវត្តន៍ម្តងទៀត ប៉ុន្តែការសន្ទនាដែលនាងមានជាមួយអ្នកដឹកនាំរឿងជនជាតិអាមេរិក Quentin Tarantino ដែលជាអ្នកគាំទ្របានលើកទឹកចិត្តនាងឱ្យបន្តការសម្ដែង។
ដោយឡែកអ្នកស្រី មីឆែល យូ ក្នុងឆ្នាំ១៩៩៧ កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តហូលីវូដ Tomorrow Never Dies ដែលជាខ្សែភាពយន្ត James Bond ដែលនាងដើរតួជាភ្នាក់ងារចិន។ នាងទទួលបានភាពល្បីល្បាញជាសកលជាមួយនឹងរឿង Crouching Tiger និង Hidden Dragon។
មហាជនកាន់តែស្គាល់រូបអ្នកស្រីក្នុងឆ្នាំ២០០៨ យូ បានបង្ហាញខ្លួននៅក្នុងរឿង The Mummy: Tomb of the Dragon Emperor និងជាពិសេសនៅក្នុងរឿង The Lady ឆ្នាំ២០១១ ដែលជារឿងនិយាយពីជីវប្រវត្តិអំពីលោកស្រី Aung San Suu Kyi ដែលជាសកម្មជនតស៊ូដែលការខិតខំប្រឹងប្រែងដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកប្រទេសភូមា បានធ្វើឱ្យលោកស្រី Aung San Suu Kyi ទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ ។ នៅឆ្នាំបន្ទាប់អ្នកស្រី យូ បានបង្ហាញខ្លួននៅក្នុងរឿងរបស់ Marvel គឺ Guardians of the Galaxy និងភាពយន្ត Crazy Rich Asians ដែលជារឿងមនោសញ្ចេតនាផ្អែកលើប្រលោមលោកដែលលក់ដាច់បំផុតរបស់ Kevin Kwan។
គួរបញ្ជាក់ថា អ្នកស្រី យូ សម្រាប់ជីវិតឯកជនបានស្រឡាញ់គ្នាជាមួយនឹងលោក ជីន ថូត (Jean Todt) ដែលជាអតីតប្រធានក្រុមប្រណាំង Ferrari ជនជាតិបារាំង នៅឆ្នាំ២០០៤ អ្នកទាំង២បានភ្ជាប់ពាក្យនៅឆ្នាំ២០០៦ មកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានតម្រុយនឹងរៀបការនៅឡើយ។ គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសម្បត្តិសុទ្ធរបស់ អ្នកស្រី មីឆែល យូ គឺមានរហូតដល់ទៅ ៤០លានដុល្លារ៕