Banner KNP Detail Top

ចាប់បុរសម្នាក់ ដល់ទឹកដីប្រទេសវៀតណាម ពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ និងប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត

ចាប់បុរសម្នាក់ ដល់ទឹកដីប្រទេសវៀតណាម ពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ និងប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ យោងតាមដីកាលេខ៧២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យ ពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ និងប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ។
ក្រុមនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះអនុវត្តតាមដីកានេះ ទៅដល់មូលដ្ឋានដូចមានខាងលើភ្លាមៗ ប៉ុន្តែជនសង្ស័យឈ្មោះ បូ សារ៉ាន បានលួចរត់គេចខ្លួន ចូលទៅប្រទេសវៀតណាម ។
ជនសង្ស័យបានរត់គេចខ្លួនចូលទៅប្រទេសវៀតណាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើរូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ តាមរយៈប្រព័ន្ធអនឡាញបណ្តាញសង្គមតេឡេក្រាម ដើម្បីស្នើឲ្យអាជ្ញាធរវៀតណាម ងាយស្រួលកំណត់មុខសញ្ញាចាប់ឃាត់ខ្លួន ។
បន្ទាប់ពីទទួលបានរូបភាពពីនគរបាលកម្ពុជា រួចហើយ ខាងភាគីវៀតណាម ក៏បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួន រកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន អាជ្ញាធរវៀតណាមកំពុងបំពេញនីតិវិធី បន្តសិន មុននឹងបញ្ជូនមកកម្ពុជាវិញ ។
គួរជម្រាបឡើងវិញថា ករណីតាមចាប់ជនសង្ស័យ រហូតដល់ប្រទេសវៀតណាមនេះ បានកើតមានឡើង ដោយសារកាលពីវេលាម៉ោងប្រហែល ០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ បុគ្គលឈ្មោះ បូ សារ៉ាន ត្រូវបានប្រជាជនប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាជន នៅយប់រំលងអាធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវរកជនសង្ស័យខាងលើ ប៉ុន្តែមិនចួបប្រទះ ។ បន្ទាប់មក មន្ត្រីនគរបាលមូលដ្ឋានបានស្រង់កំណត់ហេតុពីប្រជាជន បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ ដើម្បីសុំដីកាចាប់ខ្លួន ។ បន្ទាប់ពីទទួលបានសំណុំរឿង តុលាការ ក៏បានចេញដីកាកោះចំនួនពីរលើក និងដីការបង្គាប់ឲ្យចូលខ្លួន ចំនួនមួយលើក ប៉ុន្តែជនសង្ស័យរូបនេះ មិនព្រមអនុវត្តតាម រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មន្ត្រីនគរបាលបានទទួលដីកាពីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង