ប្រទះឃើញត្រីរាប់លានក្បាលងាប់ អណ្តែតពាសពេញទន្លេ
ប្រទះឃើញត្រីរាប់លានក្បាលងាប់ អណ្តែតពាសពេញទន្លេ
អូស្ត្រាលី ៖នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ អ្នកស្រុកក្នុងតំបន់ប្រជុំជនមួយនៃប្រទេសអូស្ត្រាលីមានការភ្ញាក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញត្រីរាប់លានក្បាលងា.ប់អណ្តែតពាសពេញទន្លេ។
រាយការណ៍ជាលើកដំបូង នៅព្រឹកថ្ងៃទី១៧ ខែមីនា កន្លងទៅ នៅក្នុងតំបន់ប្រជុំជនតូច Menindee នៃរដ្ឋ New South Wales។ អាជ្ញាធរបាននិយាយថាវាគឺជាលទ្ធផលនៃរលកកំដៅខ្លាំង ដែលកំពុងបន្តប៉ះពាល់ដល់ទន្លេ Darling-Baaka។ អ្នកស្រុកម្នាក់បាននិយាយថា វាជារឿងដ៏ភ្ញាក់ផ្អើលបំផុត និងជាលើកដំបូងនៅក្នុងតំបន់គាត់រស់នៅ ដែលមានត្រីងា.ប់ដ៏ច្រើនបែបនេះ។
នៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានឧស្សាហកម្មបឋម (DPI) នៃរដ្ឋ New South Wales បានឱ្យដឹងថា រលកកំដៅបានធ្វើឱ្យភាពតានតឹងបន្ថែមទៀតលើប្រព័ន្ធការពារ ដែលបានជួបប្រទះនូវស្ថានភាពធ្ងន់ធ្ងរពីទឹកជំនន់ក្នុងទ្រង់ទ្រាយធំ។ រលកកំដៅកើតមានកាន់តែញឹកញាប់ កាន់តែខ្លាំង និងអូសបន្លាយពេលយូរជាងនេះ ដោយសារតែការប្រែប្រួលអាកាសធាតុដែលបណ្ដាលមកពីកត្តាមនុស្ស ខណៈដែលសីតុណ្ហភាពនៅតំបន់ប្រជុំជន Menindee ត្រូវបានរំពឹងឡើងដល់៤១អង្សាសេ នៅថ្ងៃទី១៨ មីនា កន្លងទៅ។ ពិភពលោកបានឡើងកំដៅប្រហែល១.១អង្សាសេ ចាប់តាំងពីយុគសម័យឧស្សាហកម្មបានចាប់ផ្តើម ហើយសីតុណ្ហភាពនឹងបន្តកើនឡើង លុះត្រាតែរដ្ឋាភិបាលជុំវិញពិភពលោកធ្វើការកាត់បន្ថយយ៉ាងខ្លាំង ចំពោះការបំភាយឧស្ម័ន។
ទន្លេ Darling-Baaka គឺជាផ្នែកមួយនៃអាង Murray Darling ដែលជាប្រព័ន្ធទន្លេដ៏ធំបំផុតរបស់អូស្ត្រាលី ហើយអ្នកស្រុកក្នុងតំបន់ គឺត្រូវពឹងផ្អែកលើទន្លេ Darling-Baaka សម្រាប់ការផ្គត់ផ្គង់ទឹកលើការប្រើប្រាស់។ ដូច្នេះជាបឋមប្រជាជននឹងមិនអាចប្រើប្រាស់ទឹកសម្រាប់តម្រូវការមូលដ្ឋានទៀតបានទេ ហើយការងា.ប់ត្រីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងទន្លេនេះ កំពុងបង្ហាញពីបញ្ហាប្រឈមមុខពាក់ព័ន្ធនឹងអាងទឹក Murray Darling ផងដែរ ខណៈដែលគ្រោះរាំងស្ងួត និងការកើនឡើងនៃការប្រើប្រាស់របស់មនុស្សបានជះឥទ្ធិពលដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ី Murray Darling ។
ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរអាងទឹក Murray Darling បានថ្លែងថា កសិកម្ម ឧស្សាហកម្ម និងសហគមន៍បានប្រើប្រាស់ទឹកពីប្រព័ន្ធទន្លេ ដែលបណ្តាលឱ្យទឹកហូរកាត់ទន្លេតិច។ អាងនេះ គឺងាយនឹងកើតមានព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុខ្លាំង ដែលធ្វើឱ្យងាយរងគ្រោះទាំងភ្លើងឆេះ និងគ្រោះរាំងស្ងួត។
ទោះយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១២ ផែនការដែលមានតម្លៃ ៨.៧ពាន់លានដុល្លារ ត្រូវបានអនុវត្តដើម្បីព្យាយាមបញ្ឈប់ទឹកទន្លេពីការរីងស្ងួត ហើយត្រឡប់ទៅកម្រិតដែលមានសុខភាពល្អឡើងវិញ៕