Banner KNP Detail Top

ព្រះករុណា ព្រះមហាក្សត្រយាងប្រោសព្រះរាជប្រទាន ព្រះអគ្គិកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ប្រារព្ធឡើងនៅខេត្តសៀមរាប

ព្រះករុណា ព្រះមហាក្សត្រយាងប្រោសព្រះរាជប្រទាន ព្រះអគ្គិកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ប្រារព្ធឡើងនៅខេត្តសៀមរាប


ខេត្តសៀមរាប៖ នៅប្រាសាទអង្គរវត្តនៃខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។
ព្រះរាជពិធីប្រោសព្រះរាជប្រទាន អគ្គិកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។
សូមបញ្ជាក់ថា, កីឡាករឆ្នើម២រូប បានទទួលព្រះអគ្គិជ័យកីឡាពីព្រះមហាក្សត្រនៃកម្ពុជា និងបន្តរត់ភ្លើងគប់ ដោយដង្ហែព្រះអគ្គិកីឡាជុំវិញវង់តូចប្រាសាទអង្គរវត្ត។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះតាមប្រព័ន្ធ Telegram ដោយមានប្រសាសន៍ថា, ព្រឹកនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលចំថ្ងៃដែល ព្រះមហាក្សត្រសម្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ្យទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងបន្តថា, ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទី១ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទី២ នៅថ្ងៃទី២២ កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ៕

អត្ថបទដែលជាប់ទាក់ទង