ជនសង្ស័យ៤នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល
ជនសង្ស័យ៤នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល
ខេត្តកណ្ដាល: នៅ ថ្ងៃទី៩ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស្ងួន ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន០៤នាក់ ទី១-ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ យីន ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកគ្រគរ ខេត្តពោធិ៍សាត់។ ៣-ឈ្មោះ រិទ្ធិ សុភត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ ឆិន ឈាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស៊ីធរកណ្ដាល ឃុំព្រែសន្លឹក ស្រុកពារាំង ខេត្តព្រៃវែង ។ វត្ថុតាងចាប់យក: ម៉ូតូសណ្ដោករ៉ឺម៉កចំនួន០១គ្រឿង, ដាវ ចំនួន០១, កូនសោចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន០២, ទូរស័ព្ទចំនួន០១, ទួណឺវីស ញញួរ និងកូនសោមួយចំនួន(ជារបស់ជនសង្ស័យ) ،កៅអីឈើ (ហង្សទេរ) ចំនួន០១ ជារបស់ជនរងគ្រោះ ។
ជនសង្ស័យឈ្មោះ យីន ម៉ៅ បានជិះម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួន ឌុបជនសង្ស័យចំនួន០៣នាក់ទៀត ចេញពីផ្ទះជួលនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយជនសង្ស័យឈ្មោះ យីន ម៉ៅ មានដាក់ ញញួរ ទួណឺវីសនិងកូនសោមួយចំនួន ហើយជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ មានដាក់ដាវចំនួន០១ និងកូនសោចុងស្រួចសម្រាប់កាច់កម៉ូតូមកជាមួយ ។ លុះដល់វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ក្រុមជនសង្ស័យបានជិះមកដល់មុខការាសសាំងរបស់ជនរងគ្រោះនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ហើយជនសង្ស័យទាំង០៤នាក់បាននាំគ្នាចូលទៅលួចយកកៅអីឈើ (ហង្សទេរ) ពីក្នុងការាសសាំងរបស់ជនរងគ្រោះមកដាក់លើរ៉ុម៉ក ភ្លាមនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោ ថា ចោរៗ ក្រុមជនសង្ស័យក៏បើករ៉ឺម៉កជិះគេចទៅលើស្ពានព្រែកតាមាក់ ឯជនរងគ្រោះ និងឈ្មោះគ្រី ម៉េងលីន បានបើករថយន្តតាមស្ទាក់។ ពេលដល់លើស្ពានព្រែកតាមាក់ម៉ូតូក៏ដាច់ច្រវាក់ ហើយក្រុមជនសង្ស័យក៏រត់ចុះពីលើស្ពាន ដោយជនសង្ស័យឈ្មោះ រិទ្ធិ សុភត្រា កាន់ដាវជាប់ជាមួយ តែពេលនោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងប្រជាការពារដែលកំពុងល្បាតឃើញ បានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ព្រមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕