ជនសង្ស័យ២នាក់ បែកគំនិត ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ តែមិនបានសម្រេច នៅភ្នំពេញ
ជនសង្ស័យ២នាក់ បែកគំនិត ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ តែមិនបានសម្រេច នៅភ្នំពេញ
ភ្នំពេញ ៖ កាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ទូយ សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងមានស្រុកកំណើតភូមិអំង្រែ ឃុំព្រែករំដេង ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកជនសង្ស័យវិញ ទី១- ឈ្មោះ ព្រាម វី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ ផាន់ វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកហុងដាបីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9934។
នៅមុនពេលកើតហេតុ ជនរងគ្រោះចេញមកពីទិញម្ហូបនៅផ្សារព្រីនថោន ដោយជិះម្នាក់ឯង ហើយជនរងគ្រោះជិះម៉ូតូដោយដៃម្ខាងកាន់ទូរស័ព្ទ និងដៃម្ខាងទៀតកាន់ចង្កូតម៉ូតូ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាកហុងដាបីត មានគ្នាចំនួន២នាក់មកស្របទិសគ្នា ហើយក៏បានឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លូនតែម្តង។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ លុះបើកប្រមាណជាង៣រយម៉ែត្រនៅចំណុចផ្លូវកោង ជនរងគ្រោះក៏បានជិះបំបុ.កម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យជនសង្ស័យដួលម៉ូតូតែម្តង ហើយជនរងគ្រោះក៏ចាប់ក្របួច.កអាវជនសង្ស័យបានម្នាក់ រួចស្រែកថា «ចោរៗ» ក្រោយត្រូវបានបងប្អូនប្រជាពលរដ្ឋជិះដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតភ្លាមៗផងដែរ។
ឃាត់បានជនសង្ស័យទាំងពីរនាក់ភ្លាមៗ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាវាយជនសង្ស័យទាំង២នាក់ខាងលើនោះ ដោយយកដំបង និងដុំថ្មវាយទៅលើជនសង្ស័យទាំង២នាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ដោយម្នាក់ប៉ោងមុខ និងម្នាក់ទៀតរងរបួសធ្ងន់។ បន្ទាប់មក បងប្អូនប្រជាពលរដ្ឋក៏បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ ដើម្បីយកទៅសួរនាំភ្លាមៗ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕