បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ទើបបណ្តាលឲ្យបុរសចំនួន២នាក់ ដោយ
បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ទើបបណ្តាលឲ្យបុរសចំនួន២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូកង់បី និងម្នាក់ទៀត ជាអ្នកបើកបរម៉ូតូ ទាស់ពាក្យសម្តីគ្នា រហូតក្លាយទៅជាជម្លោះបង្កជាហិង្សាវាយតប់គ្នា
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្បែរស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តោយផ្លូវ២០០៤ កែងនឹងផ្លូវ៣៧១សុលា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង1H-7277 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច រួចក៏បត់ស្តាំបំណងទៅផ្លូវ៣៧១សុលា។ ស្របពេលនោះដែល ក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1W-4332 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ៣៧១សុលា ទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូ និងម៉ូតូកង់បី ក៏បានអកហ្សឺគ្នា រួចក៏ចាប់ហ្វ្រាំងឈប់ដូចគ្នា ពេលនោះម្ចាស់ម៉ូតូក៏បានស្រែកសួរទៅអ្នកបើកបរម៉ូតូកង់បីថា «ហែងជិះមិនចេះមើលស្តុបទេហ្អី»។
ភាគីទាំងពីរក៏បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ខណៈពេលនោះ អ្នកបើកបរម៉ូតូកង់បី បានចុះដើរទៅរុញម៉ូតូ បណ្តាលអោយដួល រួចក៏ឡើងជិះម៉ូតូកង់បីចេញទៅបាត់។ បន្ទាប់មក ម្ចាស់ម៉ូតូក៏បានលើកម៉ូតូបណ្តើរយកទៅចតនៅលើចិញ្ចើមផ្លូវ។ លុះបន្តិចក្រោយមក អ្នកបើកបរម៉ូតូកង់បីបានបើកត្រឡប់មកវិញ និងបានបើកបំបុកម៉ូតូដែលនៅលើចិញ្ចើមផ្លូវនោះ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ខណៈពេលនោះ ដោយម្ចាស់ម៉ូតូខឹងខ្លាំងពេក ក៏បានយកមួកសុវត្ថិភាពវា.យទៅលើអ្នកបើកបរម៉ូតូកង់បីនោះ បណ្ដាលឲ្យបែកមួកសុវត្ថិភាព និងបណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាលតែម្តង។ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានចេញមកជួយឃាត់ភាគីទាំងពីរ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ៕