Banner KNP Detail Top

អង្គការលីកាដូ បានលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីហ្វេសប៊ុកហើយ

អង្គការលីកាដូ បានលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីហ្វេសប៊ុកហើយ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ អង្គការលីកាដូ បានលុបវីដេអូចម្រៀងបទ «ឈាមបាតុករ» ចេញពីហ្វេសប៊ុករបស់ខ្លួនហើយ បន្ទាប់ពីត្រូវបានសួរនាំដោយសមត្ថកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការលុបវិដេអូខាងលើចេញ គណនីផេកហ្វេសប៊ុក LICADHO / លីកាដូ បានធ្វើឡើង នៅវេលាម៉ោង ៧៖២០នាទីយប់នេះ ខណៈដែលការបង្ហោះនៅលើវេបសាយ ខាងអង្គការសុំលុបចេញនៅព្រឹកស្អែក។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ តំណាងសង្គមស៊ីវិលចំនួន៤រូប ដើម្បីសួរនាំអំពីការបង្ហោះបទចម្រៀង «ឈាមបាតុករ» ដែលក្រសួងវប្បធម៌ហាមឃាត់ និងស្នើសុំឱ្យមានវិធានការ។
តំណាងអង្គការសង្គមស៊ីវិល និងសមាគមចំនួន ០៤នាក់ នោះរួមមាន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ, លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី ជាដើម។
ទោះជាយ៉ាងណា លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺមុនគេ នៅចំពោះមុខសមត្ថកិច្ច ដែលដឹកនាំសួដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងទទួលផែនសន្តិសុខ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ខណៈដែលអ្នកដែលត្រូវបានកោះហៅ៣រូបទៀត ត្រូវបានកោះអញ្ជើញឱ្យចូលបំភ្លឺបន្តបន្ទាប់នៅថ្ងៃស្អែក និងខានស្អែកផងដែរ។


កាលពីថ្ងៃទី០៦ មករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» ខណៈដែលបទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។
ក្នុងលិខិតផ្ញើជូន នាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។
បើតាមលោកស្រី ភឿង សកុណា, បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង