Banner KNP Detail Top

នៅក្នុងរដូវប្រាំងនេះ រាជធានីភ្នំពេញ កំពុងតែប្រឈមនូវការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសគឺតំបន់ជាយរាជធានីភ្នំពេញ

នៅក្នុងរដូវប្រាំងនេះ រាជធានីភ្នំពេញ កំពុងតែប្រឈមនូវការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសគឺតំបន់ជាយរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅក្នុងបុរីពិភពថ្មី ឈូកវ៉ា១ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កំពុងតែខ្វះខាតទឹកប្រើប្រាស់ ខ្លះអត់ទឹកងូត អត់ទឹក ដាំបាយ ដោយទិញទឹកស្អាត យកទៅងូត និងប្រើប្រាស់ក៏មានដែរ។ រយៈពេល ៣ថ្ងៃមកហើយ ដែលអាជ្ញាធរខណ្ឌព្រែកព្នៅ បានសហការជាមួយអង្គភាពពន្លត់អគ្គិភ័យ និងរដ្ឋាករទឹក បានដឹកទឹក យកទៅផ្គត់ផ្គង់ចែកជួន ដល់ប្រជាពលរដ្ឋ នៅក្នុងបុរីខាងលើនេះ។
ប្រជាពលរដ្ឋ រស់នៅ បុរីពិភពថ្មី ឈូកវ៉ា១ បានអោយដឹងថា រយៈពេលប្រមាណកន្លះខែមកហើយ ដែលទឹកនៅក្នុងបុរីនេះ ចេញខ្សោយ ដែលជាហេតុ ធ្វើអោយប្រជាពលរដ្ឋ មានការខ្វះខាតទឹកប្រើប្រាស់។ ដោយឡែក រយៈពេលប្រមាណ ៥ថ្ងៃចុងក្រោយនេះ ទឹក អត់ចេញតែម្តងទោះបី ដាក់ម៉ូទ័របូម ក៏អត់មានដែរ។
រយៈពេលប្រមាណជាង ១សប្តាហ៍មកហើយ ដែលប្រជាពលរដ្ឋប្រមាណជាង ២ពាន់គ្រួសារ នៅក្នុងបុរីពិភពថ្មី ឈូកវ៉ា១នេះ អត់ទឹកប្រាស់ ហើយរយៈពេល ៣ថ្ងៃមកហើយ ដែលអាជ្ញាធរ បានចាត់ចែង ដឹកទឹក មកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្តីពី ស្ថានភាពផ្គត់ផ្គង់ទឹក នៅក្នុងរដូវប្រាំង ឆ្នាំ២០២៣ និងដំណោះស្រាយ បានអោយដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អថិតិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹក ក្នុងបណ្តាញទឹក ជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើង នៅក្នុងសង្កាត់ចំនួន ៣១ ក្នុងចំណោម ១១៥ សង្កាត់ នៅជាយរាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជន ដែលជួបបញ្ហាទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យខន្តីអភ័យទោស និងមេត្តាជឿជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការដោះស្រាយបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ ២០២៣ តទៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាត បានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូប ក្នុង ១ថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចប្បន្ន ៦៤ម៉ឺនម៉ែត្រគូប ក្នុង ១ថ្ងៃ។
ទន្ទឹមនឹងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អថិតិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អថិតិជនផ្សេងទៀត ជាពិសេសអថិតិជនរស់នៅតំបន់ជាយក្រុង និងសូមមេត្តាចូលរួមផ្តល់ព័ត៌មាន និងសាកសួរពីកង្វះទឹកស្អាត មកកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧១ ១១៦៧ ឬលេខ ០៩៧ ៧៧១ ១១៧៩ ឬហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង