បង្រ្កាប ឆែកឆេរ ការលក់ម៉ាកស្បែកជើងផ្ទាត់កំពុងពេញនិយម (ក្លែងក្លាយ) ក្នុងផ្សារអូឡាំពិក និងអូរឬស្សី រាជធានីភ្នំពេញ
បង្រ្កាប ឆែកឆេរ ការលក់ម៉ាកស្បែកជើងផ្ទាត់កំពុងពេញនិយម (ក្លែងក្លាយ) ក្នុងផ្សារអូឡាំពិក និងអូរឬស្សី រាជធានីភ្នំពេញ
ភ្នំពេញ ៖ សមត្ថកិច្ច បានធ្វើសកម្មភាព ឆែកឆេរ និងរឹបអូសស្បែកជើងក្លែងក្លាយដែលមានលក់ក្នុងទីតាំងពីរកន្លែងដែលមាននៅទីក្រុងភ្នំពេញ។ សមត្ថិកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុនមេធាវី អ៊ីនហ្វីនីធី INFINITY LAW FIRM ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរកឃើញថា មានឈ្មួញ និងអាជីវករមួយចំនួនបាននឹងកំពុងចែកចាយ និងលក់ស្បែកជើងផ្ទាត់កំពុងពេញនិយម (ក្លែងក្លាយ មិនមានគុណភាព) និងមួយចំនួនទៀតបានលក់ផលិតផលពិតប្រាកដ នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ជនសង្ស័យត្រូវបានសមត្ថកិច្ច គ.ប.ផ.ក កំពុងកសាងសំណុំរឿងដើម្បីអនុវត្តនីតិវិធីតាមច្បាប់។ ជាមួយគ្នានេះដែល សមត្ថកិច្ច គ.ប.ផ.ក បានស្នើឲ្យអាជីវករលក់ស្បែកជើងក្នុងរាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឈ្មួញទុច្ចរិតមួយចំនួនដែលបាននឹងកំពុងលួចលាក់ផលិតនូវផលិតផលស្បែកជើងក្លែងក្លាយ គ្មានគុណភាព ក្នុងគោលបំណងផ្គត់ផ្គង់ស្បែកជើងគ្មានគុណភាពដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ សកម្មភាពនេះគឺផ្ទុយពីច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។
អនុលោមតាមច្បាប់នេះ ត្រង់មាត្រា១១ ម្ចាស់ម៉ាក មានសិទ្ធិធ្វើបណ្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលបានចុះបញ្ជីរួចហើយដែលអាចបណ្តាលឲ្យការភាន់ច្រទ្បំជាសាធារណៈ ជាពិសេសនឹងប្រឈមនឹងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
សមត្ថកិច្ច សូមផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរឹតទាំងទ្បាយ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យមានការប្រុងប្រយ័ត្ន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងករណីសង្ស័យថា មានទីតាំងផលិតផ្សេងៗដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕