ឃាត់ជនសង្ស័យម្នាក់ ទៅស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយក
ឃាត់ជនសង្ស័យម្នាក់ ទៅស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយកកៅអីដែកវាយទៅលើជនរងគ្រោះ ក្នុងកម្មវិធីមង្គលការ
ខេត្តកំពង់ធំ ៖ បញ្ជូនជនសង្ស័យម្នាក់ទៅស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រើអំពើហិង្សាដោយយកកៅអីដែកវាយទៅលើជន រងគ្រោះក្នុងកម្មវិធីមង្គលការមួយ នៅរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៣ ។
គួររំលឹកថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីរោងការឈ្មោះ ខាវ ប៉ាវ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ មានករណីហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។
ជនរងគ្រោះមានឈ្មោះ រ៉ា ណារ៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យមានរបួស០១ កន្លែង បែកក្បាលផ្នែកខាងលើ ដែលបង្កឡើងដោយជនសង្ស័យ១នាក់ ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅភូមិ-សង្កាត់ជាមួយគ្នា។
សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសាក សួរនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន។ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាពនេះ ពិតប្រាកដមែនដោយសារ មូលហេតុមានគំនុំឈ្លោះគ្នាពីមុនមក។
លោកវរៈសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនឲ្យដឹងថា ខណៈនេះជនសង្ស័យដែលប្រើប្រាស់អំពើហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ របួសធ្ងន់នោះ ត្រូវបានចងក្រងសំណុំ រឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំហើយ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ៕