របាកាត់ទទឹងថ្នល់ ដែលបានបាក់ដួលរលំ ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងធ្លាក់ ឧបទ្ទវហេតុ(ខ្យល់កន្ត្រាក់)នេះ នៅខេត្តសៀមរាប បណ្តាលឲ្
របាកាត់ទទឹងថ្នល់ ដែលបានបាក់ដួលរលំ ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងធ្លាក់ ឧបទ្ទវហេតុ(ខ្យល់កន្ត្រាក់)នេះ នៅខេត្តសៀមរាប បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស
ខេត្តសៀមរាប ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានសម្តែងការសោកស្ដាយ ចំពោះឧបទ្ទវហេតុ(ខ្យល់កន្ត្រាក់)នេះ នៅខេត្តសៀមរាប ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសផងដែរ ។
កាលពី ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ឧបទ្ទវហេតុ មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)នេះ បានបណ្តាលឲ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួន ក្នុងក្រុងសៀមរាប ។ ក្រោយដួលរលំ ភ្លាមៗ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗ ហើយបានរួចរាល់នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃដដែលនេះ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារថា «ដោយបានទទួលព័ត៌មាន អំពីហេតុការណ៍ភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប ដែលបានបណ្តាលឲ្យដួលរលំ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតាមដងផ្លូវ ក្នុងក្រុងសៀមរាប និងបង្កឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួន ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយ ចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់ ។»
ឯកឧត្តម នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់ ៕