បង្គ្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតថ្នាំញៀន ៣២គីឡូក្រាម
បង្គ្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតថ្នាំញៀន ៣២គីឡូក្រាម
ភ្នំពេញ៖ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគបាលជាតិ បានចុះបង្គ្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនមនុស្សម្នាក់និងដកហូតថ្នាំញៀន៣២គីឡូក្រាម។
ដោយក្រោមការដឹកនាំចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមមានការបញ្ជាដឹកនាំផ្ទាល់ពី លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់។
ប្រតិបត្តិការនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ វី វ៉ាន់នុត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម)។ សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណ ទម្ងន់ ៤៥៣៤ក្រាម។ សរុបសារធាតុញៀន ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម)។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។
បញ្ហាគ្រឿងញៀន សារធាតុញៀន សូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិ ជៀសឲ្យឆ្ងាយ មិនត្រឹមតែធ្វើឲ្យប៉ះពាល់សុខភាព ប៉ុណ្ណោះទេ ជាបទល្មើសដ៏ធ្ងន់ធ្ងរ ប្រសិនបើបានប្រព្រឹត្ត សមត្ថកិច្ចត្រូវតែបង្ក្រាបដោយគ្មានការលើកលែងជាដាច់ខាត។ យើងទាំងអស់គ្នាត្រូវនិយាយថា, កម្ពុជាគ្មានគ្រឿងញៀន ! និងលើកទឹកចិត្តដល់សមត្ថកិច្ចដែលបានពុះពារគ្រប់បែបយ៉ាង ដើម្បីបេសកកម្មបង្ក្រាបគ្រឿងញៀន ៕