Banner KNP Detail Top

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះអគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី (ខេត្តកំពត, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣)៖

១. សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំត្រពាំងរាំង ក៏ដូចជាអ្នកស្រុកជុំគិរី និងខេត្តកំពតទាំងមូលចំពោះការទទួលបាននូវសមទ្ធិផលអគារថ្មីៗ រួមមាន៖ អគារសម្ភព ១ ខ្នង កម្ពស់ ២ ជាន់ និងអគាររោងបាយ ១ ខ្នង បន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បម្រើសេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

២. សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ, ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈ និងជំរុញឱ្យកាន់តែកៀកខិតជិតមូលដ្ឋាន នូវសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជម្ងឺ, សេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋ និងឱកាសការងារ ជាដើម។ លើសពីនេះ សម្តេចតេជោ តែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍លំបាក និងគ្រោះថ្នាក់ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ជាក់ស្តែង ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា សម្តេចតេជោ គឺជាកូនខ្មែរមួយរូបដែលបានលះបង់ចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍, ការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស, ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការឧបត្ថម្ភគាំពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត ដោយក្នុងរយៈកាលកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជម្ងឺកូវីដ-១៩។

៣. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង, ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពតដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ មួយវិញទៀត ក៏សូមសម្តែងនូវការអរគុណចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពត, មន្ទីរសុខាភិបាល, អាជ្ញាធរស្រុក-ឃុំ, កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការរបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ចាប់តាំងពីពេលដាក់ឱ្យដំណើរការពីឆ្នាំ២០១៧ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វេហតុបម្រើប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ននេះ។

៤. សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់វិស័យសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំជំរុញការអភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។ ជាលទ្ធផល កម្ពុជាអាចសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ ហើយកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍រួចមកហើយ ដូចជា៖ ការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា។

អត្ថបទដែលជាប់ទាក់ទង