Banner KNP Detail Top

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រោងកោះហៅអភិបាលរាជធានី -ខេត្ត ណាដែលមិនបានដោះស្រាយបទល្មើសនានាតាមពាក្យបណ្តឹង

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រោងកោះហៅអភិបាលរាជធានី -ខេត្ត ណាដែលមិនបានដោះស្រាយបទល្មើសនានាតាមពាក្យបណ្តឹង

ភ្នំពេញ ៖ នាថ្ងៃទី១០ មករា ឆ្នាំ២០២២៣ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅសណ្ឋាគាសុខា។
សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្នុងមួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២មក ហើយមកដល់ពេលនេះក្នុងមួយថ្ងៃ មាន១បណ្តឹង ឬក៏គ្មានបណ្តឹងផងដែរ។ សម្តេចបញ្ជាក់ថា៖«នេះជាលទ្ធផលដែលយើងបានដោះស្រាយក្នុងការជួយជនរងគ្រោះបានជាក់លាក់ បន្ទាប់ពីមានបណ្តឹងសុំឲ្យជួយ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យអភិបាលរាជធានី ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹងរបស់ជនរងគ្រោះថាឲ្យបានអស់ និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។
ជាមួយគ្នានោះដែរ សម្តេច ស ខេង បានព្រមានថា បើសិនអភិបាល រាជធានី ខេត្ត សមត្ថកិច្ចមានកាបិតលាក់បាំងបទល្មើសនៅពេលទទួលមានបណ្តឹងហើយមិនបានដោះស្រាយ។សម្តេចបញ្ជាក់ថា៖«បើសិនអស់លោក លោកជំទាវមានការលាក់បាំង ថ្ងៃណា មួយនឹងរងឃើញជាមិនខាន។ហើយបិតបាំងមានន័យថា យើងគាំទ្រនូវអំពើនោះក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើស ព្រមគ្នា បើមិនមួយក៏ពីរ ឬក៏បីដែរ»។
សម្តេចបានលើកជាឧទារហណ៍ថា បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថា មានច្បាប់ទេ? អត់មាននេះជាបទល្មើសមួយ មួយទៀតអ្នកធ្វើការនៅអនឡាញមានវីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើសមួយទៀត ។តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះក៏ជាកំហុសមួយដែរ។ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា បើសិនអភិបាល រាជធានី ខេត្តនៅតែធ្វើការលំៗស្រាលៗឲ្យតែរួចពីដៃនៅថ្ងៃណាមួយសម្តេចនឹងកោះហៅមកត្រួតពិនិត្យ និងឲ្យធ្វើរបាយការណ៍ជូនសម្តេចតាមករណីនីមួយៗតែម្តង។
សម្តេចលើកឡើងថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹង៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន គឺមានអស់នៅក្នុងបញ្ជីអស់ហើយ ដូច្នេះមិនអាចលាក់បាំងកើតនោះទេ។សម្តេចបញ្ជាក់ថា ៖«អីញ្ចឹងហើយនឹងធ្វើគណនេយ្យភាពហៅមកពិនិត្យតាមខេត្តនីមួយៗមកបញ្ជាក់លម្អិតឲ្យច្បាស់លាស់ម៉ត់ចត់។
បើមន្ត្រីនគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់នឹងវិជ្ជាជីវៈ»។ សម្តេចឧបកនាយរដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលបាន កំពុងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះអំពើជួញដូរមនុស្ស គ្រប់ទម្រង់ត្រូវបន្តធ្វើការងារហ្នឹងមិនត្រូវទំលាក់ដៃនោះទេ។
សម្តេចបន្តថា បទល្មើសជួញដូរមនុស្សជាបទល្មើសមួយកើតឡើងមានភាពស្មុគស្មាញណាស់ ហើយជាការរំលោ.ភសិទ្ធិមនុស្សផង ហើយក៏មានបទល្មើសផ្សេងទៀតដូចចោរលួចចោរប្លន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង