Banner KNP Detail Top

ផ្ទះឈើលើថ្មក្រោមទុកចោលមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង

ផ្ទះឈើលើថ្មក្រោមទុកចោលមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង

ភ្នំពេញ ៖ កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិ៥ ផ្លូវ៣៦២Z ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ផ្ទះកើតហេតុនេះ គឺជាប្រភេទឈើលើថ្មក្រោម ដែលត្រូវគេទុកចោលអស់រយៈពេលជាយូរឆ្នាំណាស់ទៅហើយ។ កន្លងមក ក៏ធ្លាប់មានជនអនាថាចូលទៅសង្ងំនៅខាងក្នុងផ្ទះនោះដែរ និងបានដុតផ្ទះនោះឆេះប៉ុន្មានដងរួចទៅហើយ ប៉ុន្តែត្រូវប្រជាពលរដ្ឋនៅជិតនោះ ឃើញក៏នាំគ្នាជះទឹកពន្លត់ទាន់ពេលវេលា ចំណែកឯជនអនាថាទាំងនោះ ក្រោយពីដុតហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។
មុនពេលកើតហេតុ គេក៏ឃើញមានជនអនាថាម្នាក់ ផ្លោះរបងចូលទៅក្នុងផ្ទះទុកចោលនេះដែរ។ ពេលនោះ មានប្រជាពលរដ្ឋបានស្រែក និងចូលទៅស្វែងរកជនអនាថានោះ ប៉ុន្តែមិនដឹងថា តើជនអនាថារូបនេះទៅសង្ងំលាក់ខ្លួននៅកន្លែងណានោះទេ? គឺរកមិនឃើញសោះ បន្ទាប់មកប្រជាពលរដ្ឋក៏នាំគ្នាចូលទៅសម្រាកនៅផ្ទះរៀងៗខ្លួនបាត់អស់តែម្ដង។
ប្រភពដដែលបន្តទៀតថា លុះរហូតដល់វេលាកើតហេតុ ក៏ស្រាប់តែលេចចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកទាញទុយោទឹកបាញ់ពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្ដពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍តែម្តង។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការបាញ់ទឹកពន្លត់អស់ទឹកចំនួន៤រថយន្ត ទើបអណ្ដាតភ្លើងរលត់ទៅវិញជាស្ថាពរ។ ហេតុការណ៍នេះ មិនបង្កឲ្យឆេះរាលដាលដល់ផ្ទះជិតខាងនោះទេ គឺឆេះខូចខាតតែផ្ទះកើតហេតុប្រភេទឈើលើថ្មក្រោមនោះអស់ទាំងស្រុងតែប៉ុណ្ណោះ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង