Banner KNP Detail Top

ស្រាវជ្រាវចាប់មុខសញ្ញាឆបោកម៉ូតូ រហូតឈានដល់ស្រាវជ្រាវនៅកន្លែងបញ្ចាំ ដោយរកឃើញករណី

ស្រាវជ្រាវចាប់មុខសញ្ញាឆបោកម៉ូតូ រហូតឈានដល់ស្រាវជ្រាវនៅកន្លែងបញ្ចាំ ដោយរកឃើញករណីបញ្ចាំម៉ូតូ ១០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ

ខេត្តកំពង់ចាម៖ ករណីចាប់ចោរលួចម៉ូតូ យកទៅបញ្ចាំនៅកុងស៊ីនេះ បានកើតឡើង កាលពី ល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច ស្រាវជ្រាវចាប់មុខសញ្ញាឆបោកម៉ូតូ រហូតឈានដល់ស្រាវជ្រាវនៅកន្លែងបញ្ចាំ ដោយរកឃើញករណីបញ្ចាំម៉ូតូ ១០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ។
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុករាយណ៍ បានសហការជាមួយកម្លាំងប៉ុស្ដិ៍បល្ល័ង្ក ប៉ុស្ដិ៍ចុងដូង ប៉ុស្ដិ៍ចើងដើង បានធ្វើការស្រាវជ្រាវ រហូតបង្រ្កាប និងឃាត់ខ្លួនបានមុខសញ្ញាជនឆបោកម៉ូតូម្នាក់ ឈ្មោះ សួន ឧត្តម ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងបានប្រព្រឹត្តបទល្មើស នៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដោយជនសង្ស័យ បានឆបោកម៉ូតូ ០១គ្រឿង កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចតារាងបាល់របស់ម្ចាស់ផ្ទះឈ្មោះ ហ៊ិន ឡុន ស្ថិតភូមិកំពង់ពោន ឃុំបាក់ស្មា ស្រុកបារាយណ៍។
ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ហេង យូឡេង ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្មា ស្រុកបារាយណ៍ ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ កាំបន្ទះ ស្លាកលេខ កំពង់ចាម 1W-3642 ដែលជនសង្ស័យ បានលួចយកទៅដាក់បញ្ចាំ នៅហាងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅភូមិថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ច បានបន្តធ្វើកិច្ចសហការដោយកំលាំងផែនព្រហ្មទណ្ឌ និងកំលាំងអធិការស្រុកបារាយណ៍ ចុះសហការជាមួយអធិការស្រុកចំការលើ ទៅដល់ទីតាំងផ្ទះទទួលបញ្ចាំម៉ូតូខាងលើ ដែលមានម្ចាស់ឈ្មោះ អ៊ុន សុវណ្ណ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ក៏បានរកឃើញម៉ូតូចំនួន ១០គ្រឿង ដោយគ្មានឯកសារម៉ូតូត្រឹមត្រូវ រួមទាំងម៉ូតូឆបោកពីស្រុកបារាយណ៍ ១គ្រឿងផងដែរ។
ចំពោះមុខ ម៉ូតូ ៩គ្រឿង ដែលគ្មានឯកសារបញ្ចាំត្រឹមត្រូវនោះ ត្រូវបានរឹបអូស យកទៅរក្សាទុកនៅអធិការស្រុកចំការលើ រង់ចាំចាត់ការបន្ត។ រីឯម្ចាស់ផ្ទះ និងម៉ូតូ ១គ្រឿង ត្រូវបានបញ្ជូនមកឲ្យខាងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង