Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណី អំពើលួច ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសៀមរាប


ខេត្តសៀមរាប ៖ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅរីសត និង វីឡា ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
បើតាមលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានមានប្រសាសន៍នៅថ្ងៃទី១០ខែមករា ឆ្នាំ២០២៣នេះថា មានករណីអំពើលួច (លួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងរីសត រួចចូលទៅលួចទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍នៅក្នុងផ្ទះជួលដាច់ដោយឡែកពីគេរបស់ស្ត្រីរងគ្រោះដែលមានអាយុ៤២ឆ្នាំ និងបុរសរងគ្រោះអាយុ៤២ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះកំពុងតែគេងលក់។
ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានយកទូរទស្សន៍ទៅលាក់ទុកក្នុងគុម្ពោតព្រៃ រួចនាំគ្នាបម្រុងធ្វើសកម្មភាពលួចបន្តទៀត តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចល្បាត ហើយប្រទះឃើញដោយមានការសង្ស័យ ព្រោះតែជនសង្ស័យទាំងពីរនាក់មានកាន់ទូរស័ព្ទទំនើប ហើយយើងក៏បានឱ្យជនសង្ស័យដោះលេខកូដ តែជនសង្ស័យដោះមិនចេញ បន្ទាប់មកយើងក៏បាននាំខ្លួនជនសង្ស័យទាំងពីរមកសួរនាំតែម្តង។
ក្រោយពីរសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយដូចៗគ្នាថា «ពួកខ្លួនពិតជាបានផ្លោះរបងចូលលួចទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ ពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ អ៊ី សាក់ ជាអ្នកផ្លោះរបងចូលលួច រីឯឈ្មោះ ធាវ ប៊ុនធឿន ហៅតឿ ជាអ្នកចំមើលផ្លូវ និងចាំទទួលយកអីវ៉ាន់ពីបក្សពួកខ្លួន។


ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នេះ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារផងដែរ) រួមមាន ៖ ០១-ឈ្មោះ អ៊ី សាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិប្រយុទ្ធ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ០២- ឈ្មោះ ធាវ ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ស្រាក្រឡុក មានស្រុកកំណើតនៅភូមិគោកបេង ឃុំគោកចក ក្រុង/ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ចំណែកវត្ថុតាងដែលដកហូតបានមាន ៖ ម៉ូតូជនសង្ស័យចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿង, ទូរទស្សន៍ LED ចំនួន២គ្រឿង, កាបូបស្ពាយចំនួន១, កាសត្រចៀកចំនួន២ឈុត, កូនសោរថយន្តចំនួន១ និងកំព្យួទ័រចំនួន១គ្រឿងផងដែរ ដោយបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញផងដែរ។ កម្លាំងយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនទៅលើជនសង្ស័យទាំង២នាក់នេះ ដោយឈ្មោះ ធាវ ប៊ុនធឿន ហៅតឿ ជាលទ្ធផល គឺវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង