Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដេញកាប់ជនរងគ្រោះ រហូតបើកម៉ូតូរត់គេច បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ រងរបួសម្នាក់

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដេញកាប់ជនរងគ្រោះ រហូតបើកម៉ូតូរត់គេច បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ រងរបួសម្នាក់

ខេត្តសៀមរាប៖ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលបានប្រព្រឹត្ត ករណី “ហិង្សាមានស្ថានទម្ងន់ទោសបណ្តាលឲ្យមរណភាពនៃជនរងគ្រោះ” នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបហើយ នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣នេះ។
ជនសង្ស័យទាំង២នាក់នោះគឺទី១ មានឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) កើតនៅភូមិអូរស្មាច់ ឃុំដើមជ្រៃ ស្រុកសំរោង ខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រង.ខេត្តសៀមរាប និង ជនសង្ស័យទី២ មានឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ធ្វើការឃាត់ខ្លួននិងសួរនាំ ជនសង្ស័យដែលមានឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ បានឆ្លើយសារភាពថា រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។ ដោយនៅយប់កើតហេតុឈ្មោះ អាដែន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៧ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំរាយឌុបរូបគេ ប្រដាប់ដោយដាវ ផ្លែកដង ដងដែករុំក្រណាត់ពណ៌លៀង ប្រវែងប្រហែល ១ម៉ែត្រ ចំណែកឈ្មោះ អាចិន (មិនស្គាលត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំសន្ទះពណ៌ខ្មៅ ឌុបឈ្មោះ អាតុង (មិនស្គាលត្រកូល) ប្រដាប់ដោយកាំភ្គាក់ ផ្លៃដែក ដងឈើ មានប្រវែងប្រហែល ជាង ១ម៉ែត្រ រីឯកឈ្មោះ សៅ សៀវយុន ភេទប្រុស អាយុ ១៩៧ឆ្នាំ និងបក្ខពួកផ្សេងទៀតប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ បើកម៉ូតូប្រដេញជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូស្លាប់និងរងរបួសពិតមែន។
ដោយឡែកជនសង្ស័យដែលមានឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ ក៍បានឆ្លើយសារភាពថា នៅក្នុងសកម្មភាពល្មើសខាងលើ រូបគេបានបើកម៉ូតូម៉ាក NextII ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AO: 5587 ឌុបឈ្មោះ គល់ ផានិត ហៅចែម ភេទប្រុស អាយុ ១៧ឆ្នាំ ប្រដេញជនរងគ្រោះពិតប្រាកដមែន លុះពេលជនរងគ្រោះបានដួលម៉ូតូ ពួកខ្លួននិងបក្ខពួកបាននាំគ្នាបើកម៉ូតូគេខ្លួនតែម្តង។

មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់នេះ បើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង។
សមត្ថកិច្ចក៍បានបញ្ជាក់ថា កាលវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយ ដាវ កាំបិតភ្គាក់ និងដុំថ្ម បានបើកម៉ូតូប្រដេញក្នុងគោលបំណងកាប់ និងគប់ទៅលើជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស អាយុ ១៤ឆ្នាំ ចេញពីចំណុចមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ (Grand Hotel) បត់ឡើងមកទិសខាងត្បូង ក្នុងល្បឿនលឿន ជិតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់ ម៉ូតូជនរងគ្រោះម៉ាកទ្រីមសង់ ពណ៌ក្រហម សេរីឆ្នាំ២០២១ (គ្មានស្លាកលេខ) បានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែកបណ្តាលឲ្យម៉ូតូបើងទៅលើឃឿនផ្លូវខាងត្បូងរង្វង់មូល ដោយជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់ មានពាក់មួកសុវត្តិភាពរងរបួសស្រាល។
សមត្ថកិច្ចពិនិត្យសាកសព និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ក្រោយពេលទទួលបានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋមលេខៈ ១៧០ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ពីស្ថាបនអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងយើងបានបន្តការស៊ើបអង្កេតរហូតកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជំនាញបានធ្វើតេស្តរកសារធាតុញៀនជនសង្ស័យទាំង២នេះ តែលទ្ធផលគឺ អវិជ្ជមាន។ ជនសង្ស័យទាំងពីរនេះ ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ដើម្បីក៍សាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង