Banner KNP Detail Top

បុរសម្នាក់សង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានជិះម៉ូតូមកឈប់កន្លែង

បុរសម្នាក់សង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានជិះម៉ូតូមកឈប់កន្លែង


ងងឹត និងកាន់កាំបិតផ្គាក់ដេញកាប់ ធ្វើឲ្យបុរសម្នាក់ ដោះស្បែកជើងចោល រត់គេចខ្លួន

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១០ មេសា ឆ្នាំ២០២៣ បុរសម្នាក់សង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានជិះម៉ូតូមកឈប់កន្លែងងងឹត និងកាន់កាំបិតផ្គាក់ដេញកាប់ ធ្វើឲ្យបុរសម្នាក់ដោះស្បែកជើងចោលរត់គេចខ្លួនឆ្លងផ្លូវទាំងភ័យស្លន់ស្លោ ហើយត្រូវម៉ូតូមិនចាំម៉ាកមួយគ្រឿងបុកទៀត បណ្ដាលឲ្យដួលរបួសរលាត់ដៃជើង បង្កការភ្ញាក់ផ្អើលដល់នាំគ្នាជួយចាប់ឃាត់ខ្លួនបាន ស្ថិតនៅចំណុចជិតព្រះវិហារយេស៊ូគ្រិស្ត តាមផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នៅមុនពេលកើត គេបានឃើញបុរសជាជនសង្ស័យនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1R-6349 បានមកឈប់ក្រោមដើមឈើធំមួយ មានសភាពងងឹតនិងស្ងាត់ដែលជាចំណុចកើតហេតុដោយមិនដឹងថា អង្គុយរង់ចាំអ្នកណានោះទេ ។
លុះពេលគាត់ចេញមកអង្គុយលេងលើម៉ូតូខាងមុខផ្ទះ ស្រាប់តែបុរសរូបនោះមានកាន់កាំបិតផ្គាក់ជាប់ដៃ ហើយរត់សំដៅមករករូបគាត់តែម្ដង ធ្វើឲ្យរូបគាត់ដោះស្បែកជើងចោលរត់គេចខ្លួនឆ្លងផ្លូវ ដោយមិនបានមើលឆ្វេងស្ដាំ ព្រោះកំពុងភ័យស្លន់ស្លោ ក៏ត្រូវម៉ូតូមិនចាំម៉ាកមួយគ្រឿង ជិះមកបុកត្រូវគាត់បណ្ដាលឲ្យដួលរបួសរលាត់ដៃជើង ហើយម៉ូតូក៏ជិះទៅបាត់ ទើបគាត់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកជួយចាប់ឃាត់ខ្លួនបុរសសង្ស័យបាន រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះទៅកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើលឆែកឆេរបុរសសង្ស័យនោះ រកឃើញកាំបិតផ្គាក់ចំនួន ០១ដើម, កាំបិតប៉័ងតោចំនួន ០១ដើម, និងសម្ភារៈមួយចំនួនទៀត រួចនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ផងដែរ ។

ជនសង្ស័យនេះ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត(មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ) កំពុងឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងចាត់ការបន្តតាមជំនាញ យោងតាមជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ ៕

អត្ថបទដែលជាប់ទាក់ទង