Banner KNP Detail Top

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសផ្លាស់ប្ដូរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសផ្លាស់ប្ដូរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង


(ស្ទឹងត្រែង)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី-ភារកិច្ច តាមឋានានុក្រមដឹកនាំបញ្ជាឲ្យមានប្រសិទ្ធភាព។
បើតាមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត, ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ កំពុងដំណើរការទៅមុខជាប់ជាប្រចាំ ដោយក្នុងនេះ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ, ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។
នាយឧត្តមសេនីយ៍ សូមកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន។
ជាពិសេសក្នុងរយៈកាលពេញមួយឆ្នាំ២០២២កន្លងមកនេះ ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ជាងនេះទៀត អង្គភាពក៏បានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយបង្កបង្កើនផល និងជួយសាងសង់សំណង់ផ្សេងៗជូនសហគមន៍ប្រជាពលរដ្ឋ និងវត្តអារាមនៅតាមមូលដ្ឋានឈរជើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង