នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជូនយោធិនទូទាំង កងទ័ពជើងគោក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជូនយោធិនទូទាំង កងទ័ពជើងគោក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារជូនពរជូនយោធិនទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦-២៥៦៧
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយសិរីសួស្តី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនាស្រឡាញ់រាប់អានស្មោះស្ម័គ្រ និងក្ដីនឹករឭកយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ មេបញ្ជាការរងនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ដែលក្នុងឆ្នាំកន្លងមកនេះ បានខិតខំពុះពារជម្នះរាល់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ចូលរួមកសាង និងអភិវឌ្ឍជាតិ, និងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយសម្រេចបានលទ្ធផលការងារគួរជាទីមោទនៈ។
ជាក់ស្ដែង ទន្ទឹមនឹងជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩, គឺពេញមួយឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាននូវសមិទ្ធផលធំៗគ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែលសុទ្ធសឹងជាជំហានឈានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមរបស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែង តស៊ូលះបង់ពុំខ្លាចនឿយហត់ គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកង ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូចជាស្មារតីទទួល់ខុសត្រូវខ្ពស់របស់ជួរមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាស្ថាប័ន-កងឯកភាពនីមួយៗ៕