Banner KNP Detail Top

ករណីចាប់បង្ខាំងជនជាតិចិន ដើម្បីជំរិតទារប្រាក់១លានដុល្លារ នៅស្កាយវីឡា ខណ្ឌ៧មករា, ឧក្រិដ្ឋជនជនជាតិចិន៧នាក់ ត្រូវបានចាប់ខ្លួន

ករណីចាប់បង្ខាំងជនជាតិចិន ដើម្បីជំរិតទារប្រាក់១លានដុល្លារ នៅស្កាយវីឡា ខណ្ឌ៧មករា, ឧក្រិដ្ឋជនជនជាតិចិន៧នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន ទទួលបានបន្ថែមនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

ករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់១លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នា ចំនួន៧នាក់ នៅពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌដង្កោ ខណៈក្រុមគ្រួសារជនរងគ្រោះ សូមស្នើឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់។

បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅផ្សេងពីរគ្នា រួមមាន៖
* គោលដៅទី១៖ បុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
* គោលដៅទី២៖ បុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបតិ្តការនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ វត្ថុតាងដកហូត (គោលដៅទី១) រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង, រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង, ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560, កាំភ្លើងវែង១ដើម មានបង់២, កាំភ្លើងខ្លី ១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន១, គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC), កូនកាំបិត២, ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង, ទូរដែកចំនួន១, ទូរស័ព្ទដៃ២គ្រឿង, កាតសម្គាល់ខ្លួន២, អាវការពារគ្រាប់ចំនួន១ និងឯកសារមួយចំនួន។
វត្ថុតាងដកហូត (គោលដៅទី២) កាំភ្លើងម៉ាក់ ZOTAKI M9 06-T, គ្រាប់កាំភ្លើងចំនួន៦គ្រាប់, បង់ចំនួន១, ទូរស័ព្ទដៃ២គ្រឿង ម៉ាក OPPO ១គ្រឿង, ម៉ាក XIAOMI ១គ្រឿង, កាបូបពណ៌ខ្មៅ ចំនួន១ មានកាតមួយចំនួន, លិខិតឆ្លងដែនចំនួន១, រថយន្តមួយគ្រឿងម៉ាក Vellfier ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង។
ចំណែកជនរងគ្រោះត្រូវបានរំដោះ និងមានសុវត្ថិភាព ចំណែកសុខភាពមានលក្ខណៈទន់ខ្សោយ ដោយសារជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើរាងកាយ។ ករណីនេះជនរងគ្រោះ និងមហាជន បានស្នើសុំអនុវត្តតាមច្បាប់ឲ្យតឹងរ៉ឹង លើក្រុមពួកជនសង្ស័យដែលជាពួកឧក្រិដ្ឋជន មានអង្គការចាត់តាំង និងចរិកប្រព្រឹត្តបទល្មើសព្រៃផ្សៃ (ធ្វើទារុណកម្ម) និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប៉ះពាល់ដល់សន្តិសុខអ្នកវិនិយោគិនទាំងឡាយ ដែលបានបណ្ដាក់ទុននៅកម្ពុជា។
ក្រោយបញ្ចប់ការសួរនាំក្រុមឧក្រិដ្ឋជនទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង