រថយន្តមួយគ្រឿង ខណៈម្ចាស់ចតទុកចោល ស្រាប់តែឆ្លងចរន្តភ្លើង បង្កឱ្យក្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងដែក
រថយន្តមួយគ្រឿង ខណៈម្ចាស់ចតទុកចោល ស្រាប់តែឆ្លងចរន្តភ្លើង បង្កឱ្យក្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងដែក
ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទល់មុខស្ថានីយទូរទស្សន៍ហង្សមាស ចំណុចផ្លូវលំកែងផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
មុនពេលកើតហេតុ គេឃើញរថយន្ត LEXUS NX 200T ពាក់ស្លាកលេខ ភ្នំពេញ2AV 8191 បានមកចតឈប់នៅលើផ្លូវលំកន្លែងកើតហេតុ។ ក្រោយមក ប្រហែលជាងមួយម៉ោង ស្រាប់តែលឺសូរសំឡេងផ្ទុះ ពេលនោះពួកគាត់រត់ចេញមកមើល ក៏ស្រាប់តែឃើញមានភ្លើងឆេះឆាបយ៉ាងសន្ធោសន្ធៅចេញផ្នែកខាងមុខនៃរថយន្តតែម្តង ទើបនាំគ្នាផ្អើលឆោឡោថា មានភ្លើងឆេះរថយន្ត និងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ហើយក៏នាំគ្នាតទុយោទឹកមកជួយបាញ់ពន្លត់ដែរ តែមិនអាចទប់ស្កាត់បានទេ។
ក្រោយមកទើបពួកគាត់ជាអ្នកជិតខាង បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្ដពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ហើយក៏បានជួយធ្វើការបាញ់ពន្លត់អស់ទឹក១រថយន្ដ ទើបធ្វើអោយអណ្ដាតភ្លើងរលត់ទៅវិញទាំងស្រុង ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា មិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋណាមួយនោះទេ គឺគ្រាន់តែឆេះរថយន្តអស់ចំនួន១គ្រឿងតែប៉ុណ្ណោះ។ មូលហេតុនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយទេ គ្រាន់តែជំហានដំបូងសង្ស័យថា ឆ្លងចរន្តប្រព័ន្ធភ្លើង។ ប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តនេះ ត្រូវបានម្ចាស់បើកមកឈប់ចតចំពីមុខភ្នក់ភ្លើងសំរាម ដែលពលរដ្ឋទើបតែដុតសំរាមរួច៕