Banner KNP Detail Top

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពុទ្ធបរិស័ទបានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេកនិងឆ្លងសមិទ្ធផលនានា

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពុទ្ធបរិស័ទបានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេកនិងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពុទ្ធបរិស័ទបានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេកនិងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមហើយ ដោយមានរយៈពេល៣យប់៤ថ្ងៃ ជាមួយនិងការសម្តែងសិល្បៈកម្សាន្តរាល់យប់ផងដែរ។
នៅរសៀលថ្ងៃទី២១ ខែមេសា ២០២៣ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំឫសសីមានិងពិធីក្រុងពាលី និងបង្ហូតទង់នៅក្នុងទីអារាមវត្តនេះ។ ពិធីនៅរសៀលនេះ ក៏មានការអញ្ជើញចូលរួមបុណ្យពីព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុនជាច្រើនគ្រួសារនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។
សម្រាប់កម្មវិធីបុណ្យ នៅរសៀលថ្ងៃទីមួយថ្ងៃសុក្រទី២១ ខែមេសា នេះ មានពិធីរៀបចំឫសសីមា ពិធីក្រុងពាលី និងបង្ហូតទង់ ,ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ៣ជុំព្រះវិហារ , នមស្ការព្រះរតនត្រ័យ សមាទានសីល ,វេរព្រះវិហារ និងវេរដុំនិម្មិតសីមា ប្រគេនចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ បន្ទាប់មកនៅពេលល្ងាចសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ប្រទានព្រះធម្មវិសេសទេសនា ហើយនៅពេលរាត្រី ក៏មានក្រុមសិល្បៈសម្តែងជូនទស្សនាថែមទៀតផងដែរ។
វត្តព្រះបារមីវង្គតបុរី ជាទីអារាមមួយបានតម្កល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទីវត្តនេះត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ក្នុងនោះនៅថ្ងៃទី២៤មេសា សម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ឫសសីមា ។
វត្តព្រះបារមីវង្គតបុរី បានកសាងឡើងវិញនៅថ្ងៃទី០៧ធ្នូឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានានៅក្នុងបរិវេណវត្តនេះនោះទេ ។
ពិធីបុណ្យ៣យប់៤ថ្ងៃនេះ ក៏មានការរៀបចំក្រុមសិល្បៈជាច្រើនក្រុម ដើម្បីសម្តែងជូនមហាជនបានមើលកម្សាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគំតន្ត្រីថែមទៀត។
ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដីចុះពិនិត្យមើលទីតាំងនៅក្នុងបរិវេណវត្តនិងបានប្រជុំពិភាក្សាលើការងារនេះជាច្រើនលើកច្រើនសាផងដែរ ជាមួយនឹងការគិតគូរពីសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ព្រមទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម៕

អត្ថបទដែលជាប់ទាក់ទង