ប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា ថាជិះទៅផ្សារ បែរជាជិះយកទៅបញ្ជាំ រួចគេចខ្លួនបាត់ជាង១ខែ
ប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា ថាជិះទៅផ្សារ បែរជាជិះយកទៅបញ្ជាំ រួចគេចខ្លួនបាត់ជាង១ខែ
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលបានប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា ថាជិះទៅផ្សារបែរជាជិះយកទៅបញ្ជាំរួចគេចខ្លួនបាត់ជាង១ខែ ក៏ត្រូវនគរបាលស្រុកថ្មគោល ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានចុះធ្វេីការស្រាវជ្រាវបង្ក្រាប និងនាំខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រៀក ឃុំត្រៀក ស្រុកសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ចម្លងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវករណីរំលោភលេីសេចក្តីទុកចិត្ត(យកម៉ូតូអ្នកដទៃ)។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោ ង១៤និង០០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋ បាលអូរតាគី នៃអធិការដ្ឋាននគរ បាលស្រុកបានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះសុខ ផល ហៅ ប៉ុត ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្ដឹងទៅលើជនសង្ស័យឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ ប្រមាណ២៦ឆ្នាំ មានទីលំនៅខេត្តសៀមរាប ដែលបានខ្ចីម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-1182 ពីកូនស្រីខ្លួនឈ្មោះ រ៉ី ស្រីរ៉ាវ ភេទស្រី អាយុ១៧ឆ្នាំដោយនិយាយថាខ្ចីជិះទៅលក់អំពិលទុំនៅផ្សារ ភួពុយ ក្នុងក្រុងបាត់ដំបង រួចក៏ជិះយកទៅបាត់រហូតតែម្ដង ដែលករណីនេះកេីតឡេីងកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៣និង ៣០ នាទីនៅចំណុចក្រុមទី០២ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយនៅចំណុចខាងលើ ហើយនៅពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភលើទំនុកចិត្តយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះពិត ប្រាកដមែន ហើយជិះយកទៅបញ្ចាំនៅស្រុកកំរៀង បានប្រាក់ចំនួន ១៦,០០០បាត (មួយម៉ឺនប្រាំមួយពាន់បាត)។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចផែនជំនាញបង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាងម៉ូតូមកប្រគល់ជូនជនរងគ្រោះវិញ៕